ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសថាចង់បិទក្រសួងអប់រំ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ អះអាងកាលពីថ្ងៃពុធទី១២កុម្ភៈថា លោកចង់បិទក្រសួងអប់រំជាខ្លាំង។
លោក ត្រាំ លើកឡើងថា លោកចង់បិទក្រសួងអប់រំដោយប្រើបទបញ្ជាប្រតិបត្តិ។ យ៉ាងណា ការបិទក្រសួងអប់រំជាបន្ទាន់នេះអាចបង្អាក់ជំនួយរាប់សិបពាន់លានដុល្លារដល់ប្រព័ន្ធអប់រំ ដែលរាប់បញ្ចូលទាំងមត្តេយ្យសិក្សាដល់ថ្នាក់ទី១២ (K-12) និងជំនួយសិក្សាសម្រាប់និស្សិតមហាវិទ្យាល័យផងដែរ។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានកាលកាលពីថ្ងៃពុធទី១២កុម្ភៈថា៖«ខ្ញុំចង់ឱ្យវាត្រូវបានបិទជាបន្ទាន់។ ក្រសួងអប់រំ គឺបំពេញការងារពោរពេញទៅដោយល្បិចកិចកល ភូតភរ និងភាពស្រពិចស្រពិល»។ គេនៅចាំបានថា លោក ត្រាំ បានស្នើឱ្យបិទក្រសួងអប់រំនៅក្នុងអាណត្តិដំបូងរបស់លោក ចន្លោះឆ្នាំ២០១៧ដល់២០២១ ប៉ុន្តែសភាមិនគាំទ្រ។ ក្រសួងអប់រំមានបុគ្គលិកចំនួន៤២៤៥នាក់ ដោយបានចំណាយ២៥១ពាន់លានដុល្លារក្នុងឆ្នាំរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
គួរបញ្ជាក់ថា លោក ត្រាំ បានចំណាយពេលប៉ុន្មានសប្តាហ៍ដំបូងរបស់លោក នៅក្នុងការិយាល័យ ជំរុញការរុះរើទ្រង់ទ្រាយធំចំពោះប្រព័ន្ធរដ្ឋាភិបាលសហរដ្ឋអាម៉េរិក កាត់បន្ថយបុគ្គលិកសហព័ន្ធ កាត់បន្ថយការងារ និងការព្យាយាមបិទទីភ្នាក់ងារជាច្រើនដូចជាទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ជាដើម៕

