សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន

ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន នៅសាធារណរដ្ឋហ្វីលីពីន។
ក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន មានវិនិយោគិនចូលរួមសរុបចំនួន ២០៩នាក់ ដែលមកពីបណ្តាក្រុមហ៊ុនចំនួន ១៥១ក្រុមហ៊ុន។
រាជរដ្ឋាភិបាលនីតិកាលទី៧ បាននិងកំពុងបន្តនូវការទាក់ទាញវិនិយោគិនបរទេសនិយាយជារួម និង វិនិយោគិន ហ្វីលីពីន និយាយដោយឡែក តាមរយៈការរៀបចំវេទិកាធុរកិច្ច ក្នុងគោលដៅផ្សព្វផ្សាយ អំពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាយន្តការលើកទឹកចិត្តដល់វិនិយោគិន រួមទាំងច្បាប់ នៃការវិនិយោគរបស់កម្ពុជា ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមអំពីកម្ពុជាដល់វិនិយោគិនគ្រប់រូប ក្នុងការសិក្សា ឈ្វេងយល់បន្ថែមអំពីឱកាសវិនិយោគ និងវិស័យសក្តានុពលដែលទីផ្សារកម្ពុជាកំពុងត្រូវការ ៕


