រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រ និងការងារអន្តរាគមន៍ទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ ក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

ភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមនី្ទរធនធានទឹក និងឧតុនិយម ខេត្តកណ្តាល ព្រមទាំងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋានស្រុកខ្សាច់កណ្តាល បានអញ្ជើញចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រ និងការងារអន្តរាគមន៍ទឹកសង្គ្រោះស្រូវប្រាំងប្រជាកសិករ ក្នុងឃុំរកាជន្លឹង និងឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សូមជម្រាបថា ផ្ទៃដីបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករប្រមាណ ៤៩៥ហិកតា ក្នុងភូមិចំនួន៥ នៃឃុំរកាជន្លឹង និង ប្រមាណ ១៧៤ហិកតា ក្នុងភូមិចំនួន៣ នៃឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលបានជួបប្រទះបញ្ហាខ្វះទឹកស្រោចស្រព ខណៈដែលប្រភពទឹកពីប្រព័ន្ធធារាសាស្ត្រព្រែកពោធិ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម បញ្ជូនមកដើម្បីស្រោចស្រពបានប្រមាណ ២៥០ហិកតាប៉ុណ្ណោះ ដោយសារផ្ទៃដីទាំងនេះស្ថិតនៅក្រៅតំបន់ស្រោចស្រពរបស់ប្រព័ន្ធធារាសាស្ត្រព្រែកពោធិ។
ជាដំណោះស្រាយ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាឱ្យក្រុមការងារ ដើម្បីបើកទឹកពីប្រព័ន្ធព្រែកពោធិរយៈពេលបីថ្ងៃបន្ថែមទៀត ដើម្បីអន្តរាគមន៍សង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករដែលកំពុងខ្វះខាតទឹកស្រោចស្រពប្រមាណ ៦៦៩ហិកតា ក្នុងឃុំទាំងពីរនេះ ព្រមទាំងសំណូមដល់ប្រជាកសិករឱ្យរង់ចាំរហូតដល់ទឹកពេញប្រឡាយសិន ចាំនាំគ្នាបូមបញ្ចូលស្រែ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារ បានអញ្ជើញចុះពិនិត្យស្ថានភាពប្រឡាយនាំទឹកពីព្រែកពោធិ និងបានចុះពិនិត្យស្ថានភាពស្ថានីយបូមទឹកទី៤៤ ហើយក៏បានពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍ជំហាន២ ជាបន្ត នៅទីតាំងទន្លេតូចផងដែរ។
សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រព្រែកពោធិមានលទ្ធភាពស្រោចស្រពលើផ្ទៃដីសរុបប្រមាណ ១៤.៤២០ហិកតា ក្នុងនោះផ្ទៃដីរដូវវស្សា ៧.៦២០ហិកតា និងផ្ទៃដីរដូវប្រាំងចំនួន ៦.៨០០ហិកតា លាតសន្ធឹងចាប់ពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រហូតដល់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងផ្នែកខ្លះនៃស្រុកពារាំង ខេត្តព្រៃវែង ៕

