នាយករដ្ឋមន្រ្តីអ៉ីស្រាអែល៖ គ្មានអ្វីខុសទេ នៅក្នុងគំនិតរបស់លោក ដូណាល់ ត្រាំ ដែលចង់ផ្ទេរប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សា

វ៉ាស៉ីនតោន៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា គ្មានអ្វីខុសទេ នៅក្នុងគំនិតរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដែលចង់ផ្ទេរប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សា។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News លោក Netanyahu មិនបាននិយាយអំពីចំណុចដែលលោក ត្រាំ ចង់ឱ្យសហរដ្ឋអាមេរិក គ្រប់គ្រងលើតំបន់ហ្កាហ្សានោះទេ ប៉ុន្តែបានគាំទ្រគំនិតអនុញ្ញាតឱ្យប្រជាជនហ្កាហ្សាចាកចេញ បើពួកគេចង់។
លោកបញ្ជាក់ថា «ខ្ញុំមានន័យថា តើមានអ្វីខុសជាមួយ? ពួកគេអាចចាកចេញ ពួកគេអាចផ្លាស់ទីលំនៅ និងត្រឡប់មកវិញបាន។ ប៉ុន្តែតំបន់ហ្កាហ្សា ត្រូវតែសាងសង់ឡើងវិញ»។
លោក Netanyahu ថាមិនជឿទេដែល លោក ត្រាំ អាចបញ្ជូនទាហានអាមេរិក ទៅប្រយុទ្ធនឹងក្រុមហាម៉ាស ឬថាទីក្រុងវ៉ាស៉ីនតោន នឹងផ្តល់ហិរញ្ញប្បទានដល់កិច្ចខិតខំប្រឹងប្រែង កសាងតំបន់ហ្កាហ្សាឡើងវិញនោះ។
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២៥ ខែមករា លោក ត្រាំ បានស្នើម្តងហើយម្តងទៀតថា ប្រជាជនប៉ាឡេស្ទីននៅហ្កាហ្សា គួរតែត្រូវបានទទួលយកដោយប្រទេសអារ៉ាប់ ក្នុងតំបន់ ដូចជាអេហ្ស៉ីប និងហ្ស៊កដានី ដែលជាគំនិតមួយដែលត្រូវបានច្រានចោល ដោយរដ្ឋអារ៉ាប់ និងមេដឹកនាំប៉ាឡេស្ទីន៕
