សម្តេចបវរធិបតី៖ រដ្ឋមានថវិកាគ្រប់គ្រាន់សម្រាប់បើក ប្រាក់បៀវត្សជូនមន្រ្តីរាជការ ខណៈ២ឆ្នាំចុងក្រោយនេះ រដ្ឋបានដំឡើងប្រាក់ខែជូនមន្រ្តីគ្រប់ៗគ្នា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឲ្យដឹងថា រដ្ឋមានថវិកាគ្រប់គ្រាន់សម្រាប់បើក ប្រាក់បៀវត្សជូនមន្រ្តីរាជការ ដោយក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះរដ្ឋបានដំឡើងប្រាក់ខែជូនដល់ មន្រ្តីគ្រប់ៗគ្នា ។
ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ (២០២០-២០២៤) និងលើកទិសដៅការងារបន្តរបស់ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី៦ កុម្ភៈនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ថវិការបស់រាជរដ្ឋាភិបាលមានគ្រប់គ្រាន់ សម្រាប់បើកជូនមន្រ្ដីរាជការ និងគ្រប់គ្រាន់សម្រាប់ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំដល់មន្រ្ដីរាជការផងដែរ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ប្រជាពលរដ្ឋកម្ពុជាកំពុងទទួលផលយ៉ាងច្រើនពីបច្ចេកវិទ្យាឌីជីថល ជាពិសេសលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការផ្ដល់សេវាតាមអនឡាញនានា បានលឿន រហ័ស ៕

