អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ក្រសួងរកឃើញមានខេត្តចំនួន៣ រួមនិងរាជធានីភ្នំពេញ ដែលមានកំហាប់ភាគល្អិតនៃខ្យល់កើនឡើងខ្ពស់ហួសស្តង់ដារ

ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា គុណភាពខ្យល់សាធារណៈនៅក្នុងប្រទេសកម្ពុជា បើតាមការធ្វើមធ្យមភាគ និងការត្រួតពិនិត្យតាមឧបករណ៍របស់ក្រសួងបរិស្ថានចំនួន ៦០ទីតាំង ដែលបានបង្ហាញថានៅក្នុងចន្លោះចាប់ពីល្ងាចថ្ងៃទី២៣ ខែមករា រហូតដល់ម៉ោង៧ព្រឹកថ្ងៃទី២៤ ខែមករានេះ យើងឃើញថានៅក្នុងតំបន់នៃខេត្តមួយចំនួនដែលភាគច្រើនខេត្តទាំងអស់នោះមានគុណភាពខ្យល់ល្អ ប៉ុន្តែនៅក្នុងតំបន់នៃខេត្តចំនួន៣ រួមនិងរាជធានីភ្នំពេញ គឺរកឃើញថាមានកំហាប់ភាគល្អិតនៃខ្យល់នេះកើនឡើងខ្ពស់ហួសស្តង់ដាររបស់យើង ហើយស្ថិតនៅក្នុងសន្ទស្សន៍នៃគុណខ្យល់ពណ៌ក្រហម។
ក្នុងសន្និសីទសារព័ត៌មានស្តីពី «គុណភាពខ្យល់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា» នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា តំបន់ដែលមានសន្ទស្សន៍នៃគុណខ្យល់ពណ៌ក្រហមនេះ អាចបណ្តាលមកពីការដុត ការឆេះជិតតំបន់ដែលយើងធ្វើការត្រួតពិនិត្យគុណភាពខ្យល់នេះ ហើយនៅក្នុងនោះយើងរកឃើញថា ក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសតំបន់ស្រុកថ្មពួក, ខេត្តសៀមរាប, ខេត្តកោះកុង និងរាជធានីភ្នំពេញ។ ប៉ុន្តែការត្រួតពិនិត្យគុណភាពខ្យល់នេះ យើងឃើញថាមានការប្រែប្រួលរហូតមកដល់ម៉ោង៤រសៀលថ្ងៃទី២៤ ខែមករានេះ គឺគុណភាពខ្យល់នៅរាជធានីភ្នំពេញមានការប្រសើរឡើងដែលស្ថិតនៅតំបន់ពណ៌លឿង។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ទៀតថា កំហាប់ភាគល្អិតនៃខ្យល់ដែលរកឃើញនៅវេលាម៉ោង៤រសៀលនេះ ក្នុងរាជធានីភ្នំពេញមានត្រឹមតែជាង ៥០មីក្រូក្រាមក្នុងមួយម៉ែត្រគីបតែប៉ុណ្ណោះ ដែលប្រហាក់ប្រហែលនឹងស្តង់ដារគុណភាពខ្យល់របស់យើងគឺ ៥០មីក្រូក្រាមក្នុងមួយម៉ែត្រគីប។
ឯកឧត្តម ខ្វៃ អាទិត្យា បានជម្រាបថា មូលហេតុសំខាន់ៗមួយចំនួនដែលបង្កឲ្យមានការកើនឡើងកំហាប់ភាគល្អិតនៃខ្យល់នេះ ដូចជាការឆេះអាចបណ្តាលមកពីភ្លើងឆេះព្រៃ ឆេះគល់ជញ្ជ្រាំង ឆេះសំរាម និងការឆេះផ្សេងៗទៀតដែលយើងរកឃើញ និងស្រង់បានតាមទិន្នន័យនៃឧបករណ៍ត្រួតពិនិត្យ និងតាមដានគុណភាពខ្យល់របស់យើង។
ដើម្បីពង្រឹង និងការកាត់បន្ថយកំហាប់ភាគល្អិតនៃខ្យល់នេះ ក្រសួងបរិស្ថានបានធ្វើការងារមួយចំនួន៖ ទី១. ពង្រឹងការទប់ស្កាត់ការដុតគល់ជញ្ជ្រាំង ការដុតសំរាមនៅលើទីវាល ការដុតប្លាស្ទិច និងភ្លើងឆេះព្រៃជាដើម, ទី២. យើងបានធ្វើការជាមួយក្រុមជំនាញរបស់នាយកដ្ឋានត្រួតពិនិត្យគុណភាពខ្យល់ សំឡេង និងរំញ័រ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានបញ្ចេញរថយន្តចល័តទៅដល់ទីតាំងដែលរកឃើញចំណុចក្រហម និងទី៣. យើងបានសហការជាមួយនឹងអាជ្ញាធរខេត្ត ក្រុង ស្រុក ដែលមានកំហាប់ភាគល្អិតកើនឡើង ៕

