ក្រុមការងារអន្តរាគមន៍បន្តរាយការណ៍ពីវឌ្ឍនភាពការងារបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

ភ្នំពេញ៖ នៅថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ ក្រុមការងារអន្តរាគមន៍ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានបន្តរាយការណ៍ពីវឌ្ឍនភាពការងារបូមទឹកជួយសង្រ្គោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋក្នុងស្រុកចំនួន៤ រួមមាន៖ ស្រុកកំពង់ស្វាយ, ស្រុកសន្ទុក, ស្រុកតាំងគោក និងស្រុកស្ទោង ខេត្តកំពង់ធំ។
សូមជម្រាបថា ក្រុមការងារអន្តរាគមន៍បានប្រើប្រាស់ម៉ាស៊ីនបូមទឹកចំនួន ៨គ្រឿង ដោយធ្វើការបូមទឹកពីប្រភពបឹងបន្ទះជៀល អាងទឹកស្ទឹងជីនិត ប្រឡាយមេស្ទឹងជីនិត ស្ទឹងស្ទោង និងបូមបន្តចូលប្រឡាយរង ដើម្បីជួយសង្គ្រោះស្រូវរដូវប្រាំងប្រមាណ ១,៧៤៩ហិកតា នៅតាមបណ្តាឃុំ ក្នុងស្រុកចំនួន៤ នៃខេត្តកំពង់ធំ ក្នុងនោះ៖ ទី១).ឃុំសាន់គ ស្រុកកំពង់ស្វាយចំនួន ១,០០០ហិកតា, ទី២).ឃុំកំពង់ថ្ម ស្រុកសន្ទុក ១៦០ហិកតា, ទី៣).ឃុំទ្រៀល ស្រុកតាំងគោកចំនួន ២០៤ហិកតា និងទី៤).ឃុំបន្ទាយស្ទោង ស្រុកស្ទោងចំនួន ៣៨៥ហិកតា។
ជាលទ្ធផល គិតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ ក្រុមការងារបានអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងបានចំនួន ៥៨៥ហិកតា ក្នុងនោះ ឃុំសាន់គបានចំនួន ២៨៩ហិកតា ឃុំកំពង់ថ្មបាន ១២៩ហិកតា ឃុំទ្រៀលបាន ១០២ហិកតា និងឃុំបន្ទាយស្ទោងបាន ៦៥ហិកតា។
សូមបញ្ជាក់ថា ក្រុមការងារអន្តរាគមន៍ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំកំពុងបន្តបូមទឹកជួយសង្រ្គោះស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខាងលើ ដោយយកចិត្តទុកដាក់បំផុត ៕

