ក្នុងឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ៦៧១លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ

ភ្នំពេញ៖ អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ឲ្យដឹងថា ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមឆ្នាំ២០២៤ មានចំនួន ៦៦៦,២៥៦,៧៩៩ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន ៥,៤២២,៣៧៧ដុល្លារ។
គិតត្រឹមឆ្នាំ២០២៤ ជ័រកៅស៊ូមានតម្លៃ ១,៩៧១ដុល្លារ ក្នុង១តោន កើនឡើងចំនួន៦៣៤ដុល្លារ ក្នុង១តោន ស្មើនឹង៤៧% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំណែកតម្លៃនៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែធ្នូ ឆ្នាំ២០២៤ មានតម្លៃ ២៣០ដុល្លារ ក្នុងមួយម៉ែត្រគីប។
សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧,១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០,១៨៤ហិកតា ស្មើនឹង ៧៨.៦៤% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១.៣៦%។
ជ័រកៅស៊ូកម្ពុជាក្រៅពីនាំចេញ ក៏ត្រូវបានផ្គត់ផ្គង់ដល់រោងចក្រផលិតសំបកកង់រថយន្ដចំនួន៣ ដែលកំពុងតែដំណើរការផងដែរ រួមមាន នៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តក្រចេះ។
ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជារកចំណូលបាន ពីការលក់ផលិតផលកៅស៊ូ មានប្រមាណចំនួន ៥៣៧.៩លានដុល្លារអាមេរិក កើនឡើងប្រមាណចំនួន ៦.២លានដុល្លាអាមេរិក ស្មើនឹង១.២% ធៀបឆ្នាំ២០២២ ៕
