នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលគ្រប់អាណត្តិ តែងផ្ដោតការយកចិត្តទុកដាក់ជាប្រចាំ លើបងប្អូនអតីតយុទ្ធជន

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអះអាងថា រាជរដ្ឋាភិបាលគ្រប់អាណត្តិ តែងតែផ្ដោតការយកចិត្តទុកដាក់ជាប្រចាំ ទៅលើបងប្អូនអតីយុទ្ធជន ។
ក្នុងឱការអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅមជ្ឈមណ្ឌលអតីតយុទ្ធជន ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ភូមិប៊ុន រ៉ានី សែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិលស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែ បានមានប្រសាសន៍បន្តថា ការយកចិត្តទុកជាសំខាន់ចំពោះអតីត យុទ្ធជនគឺផ្ដោតការយកចិត្តទុកដាក់សំខាន់ ២ ចំណុចជាប្រចាំ ក្នុងនោះទី១ គឺជីវភាពរបស់អតីតយុទ្ធ ជន តាមរយៈការដំឡើងប្រាក់ខែ និងប្រាក់ឧបត្ថម្ភនានាទៅតាមកម្រិតនៃការរីកចម្រើនរបស់សេដ្ឋកិច្ច ជាតិ ដូចមន្ត្រីរាជការទូទៅដែរ រួមទាំងការផ្ដល់សេវាព្យាបាល និងសេវាតម្រូវការនានាជាច្រើនទៀត។ ការយកចិត្តទុកដាក់ទី២ គឺកិត្តិយស តាមរយៈការកំណត់យកថ្ងៃទី២១ មិថុនា ដើម្បីប្រារព្ធទិវាអតីត យុទ្ធជនជារៀងរាល់ឆ្នាំ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលមិនដែលទុកបងប្អូនអតីតយុទ្ធជនចោលឡើយរាប់ចាប់តាំងពីកម្ពុជាងើបចេញមកពីបាតដៃទទេរហូតមកដល់ពេលនេះ គឺរាជរដ្ឋាភិបាលតែងតែគិតរឿងពីរយ៉ាងដល់បងប្អូនអតីតយុទ្ធជន ក្នុងនោះគឺជីវភាព និងកិត្តិយស ទៅដល់បងប្អូនអតីតយុទ្ធជន។
សម្តេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា នឹងធ្វើឲ្យប្រទេសមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងដូច ភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹងយ៉ាងដូច្នេះដែរ បានប្រែក្លាយពីតំបន់គ្មានមនុស្សនៅ តំបន់សង្រ្គាម មកជាតំបន់មានមនុស្សច្រើនមានមន្ទីរពេទ្យ មានសាលារៀន និងផ្លូវថ្នល់ជាដើមនោះ ៕

