អបអរសាទរ! កម្មវិធីចំនួន២ របស់កម្ពុជា ទទួលបានជោគជ័យក្នុងការប្រកួតប្រជែង ពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៥

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមអបអរសាទរ កម្មវិធីចំនួន២ របស់កម្ពុជា ដែលបានឈ្នះមេដាយមាស និងប្រាក់ ក្នុងការប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៥ ដែលរៀបចំនៅព្រះរាជាណាចក្រថៃ ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រី ឌីជីថលអាស៊ានលើកទី៥ (The 5th ASEAN Digital Ministers’ Meeting – ADGMIN 2025) ដោយមានការចូលរួមពីរដ្ឋមន្រ្តីឌីជីថលអាស៊ាន ប្រទេសទីម័រខាងកើត និងដៃគូអាស៊ាន ដែលរួមមានសាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌា សហរដ្ឋអាម៉េរិក និងសហភាពទូរគមនាគមន៍អន្តជាតិ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។
កម្មវិធីចំនួន ២ របស់កម្ពុជាដែលបានឈ្នះមេដាយនោះ រួមមាន៖
(១) កម្មវិធីបកប្រែភាសាប្រៃយ៍ខ្មែរ (Machine Translation for Khmer Braille) ដែលអភិវឌ្ឍដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នៃ ក.ប.ទ. ទទួលបានជ័យលាភី មេដាយមាស (លេខ១)
(២) កម្មវិធី Tenbox ដែលអភិវឌ្ឍដោយក្រុមហ៊ុន Wave Asia Co., Ltd. ទទួលបានជ័យលាភី មេដាយប្រាក់ (លេខ២)។
នៅក្នុងការប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៥ នេះ ប្រទេសសមាជិកអាស៊ានទាំង១០ បានសម្រិតសម្រាំងផលិតផល និងសេវាឌីជីថល (Digital Products and Services) ល្អៗចំនួន ១២០ មកធ្វើការប្រកួតប្រជែង ដោយត្រូវបែងចែកជា ៦ផ្នែក រួមមាន ១) ដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈ ២) ដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាវិស័យឯកជន ៣) ដំណោះស្រាយសម្រាប់បរិយាបន្នឌីជីថល ៤) ដំណោះស្រាយសម្រាប់មាតិកាឌីជីថល ៥) ដំណោះស្រាយសម្រាប់ធុរកិច្ចថ្មីឌីជីថល និង ៦) ដំណោះស្រាយសម្រាប់នវានុវត្តន៍ឌីជីថល៕

