ក្រសួងសាធារណការ ជូនដំណឹងពីការធ្វើនាវាចរណ៍ នៅតំបន់សិក្សាគម្រោងសាងសង់ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៧ មករានេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការធ្វើនាវាចរណ៍នៅតំបន់សិក្សាគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ។
ក្រសួងសាធារណការ និងដឹកជញ្ជូន ជម្រាបជូនដំណឹងដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ មេត្តាជ្រាបថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ពីរាជធានីភ្នំពេញ ទៅខេត្តកណ្តាល បាននិងកំពុងសិក្សាលម្អិត ដើម្បីជំរុញការចាប់ផ្តើមសាងសង់ ដែលក្នុងអំឡុងពេលនៃការសិក្សានេះ នឹងមានការបិទផ្លូវនាវាចរណ៍មួយចំនួន ដើម្បីយកសំណាកគំរូពិសោធន៍ និងធ្វើពិសោធន៍ដែលអាចបង្កឱ្យមានការរំខានដល់ការធ្វើនាវាចរណ៍ផ្សេងៗ។
ដូច្នេះ ដើម្បីធានាបាននូវសុវត្ថិភាពរបស់នាវាចរណ៍ដែលធ្វើដំណើរតាមទន្លេសាប និងទន្លេមេគង្គ ឆ្លងកាត់តំបន់ការដ្ឋានសាងសង់ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ មេត្តាបង្កើនការយកចិត្តទុកដាក់ក្នុងការបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់៕