អនុប្រធានាធិបតីចិន នឹងចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោក ត្រាំ ខណៈរដ្ឋធានីប៉េកាំង ត្រៀមខ្លួនជាស្រេច ដើម្បីបង្កើនកិច្ចសន្ទនាជាមួយរដ្ឋបាលថ្មីរបស់អាមេរិក

ហុងកុង៖ អនុប្រធានាធិបតីចិន លោក ហាន ចេង នឹងចូលរួមពិធីស្បថឡើងកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណល់ ត្រាំ នៅថ្ងៃទី២០ ខែមករាខាងមុខ ខណៈរដ្ឋធានីប៉េកាំងត្រៀមខ្លួនជាស្រេច ដើម្បីបង្កើនកិច្ចសន្ទនាជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាម៉េរិក។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ចេញផ្សាយនៅថ្ងៃសុក្រទី១៧ ខែមករា។
ទូរទស្សន៍ជាតិរបស់ចិន CCTV បានរាយការណ៍ជុំវិញវត្តមានរបស់លោក ហាន ក្នុងពិធីស្បថឡើងកាន់តំណែងប្រធានាធិបតីអាម៉េរិកទី៤៧ នាពេលខាងមុខថា៖«យើងត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងកិច្ចសន្ទនា និងការប្រាស្រ័យទាក់ទងជាមួយរដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាម៉េរិក គ្រប់គ្រងការយល់ខុសឱ្យបានត្រឹមត្រូវ ពង្រីកកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក និងរួមគ្នាលើកកម្ពស់ស្ថិរភាព សុខភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនងចិន-អាម៉េរិក ស្របតាមគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ»។
ទូរទស្សន៍ CCTV រាយការណ៍បន្តថា៖«ចិនបានរៀបចំ ដើម្បីស្វែងរកវិធីត្រឹមត្រូវមួយសម្រាប់ប្រទេសចិន និងសហរដ្ឋអាម៉េរិក ក្នុងការចុះសម្រុងគ្នាក្នុងយុគសម័យថ្មី»។ លោក ចេង អាចនឹងជួបពិភាក្សាជាមួយក្រុមរបស់លោក ត្រាំ ផងដែរ។ នេះជាលើកដំបូងហើយដែលចិនបញ្ជូនមេដឹកនាំជាន់ខ្ពស់ ទៅចូលរួមពិធីស្បថកាន់តំណែងប្រធានាធិបតីអាម៉េរិក។
គួរជម្រាបថា បុរសសេដ្ឋកិច្ច ដូណាល់ ត្រាំ បានអញ្ជើញលោក ស៊ី ចូលរួមពិធីស្បថឡើងកាន់តំណែងរបស់ខ្លួន នៅថ្ងៃទី២០ ខែមករា ជាសញ្ញាមួយបង្ហាញថា លោកមានបំណងបន្តនូវប្រភេទនៃទំនាក់ទំនងកម្រិតខ្ពស់ជាមួយមេដឹកនាំចិន ដែលលោកបានធ្វើឡើងក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោកនៅក្នុងសេតវិមាន។ យ៉ាងណាមិញ លោក ត្រាំ បានតែងតាំងមន្រ្តីដែលមានទំនោរប្រឆាំងចិនជាច្រើននាក់ឱ្យឡើងកាន់តំណែងសំខាន់ៗក្នុងរដ្ឋបាលអាម៉េរិកថ្មី រួមទាំងព្រឹទ្ធសមាជិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) ជាប្រមុខការទូត។
ជាមួយគ្នានេះ លោកត្រាំនឹងដាក់ពន្ធបន្ថែម១០ ភាគរយលើទំនិញរបស់ចិន ល្កឹកណារដ្ឋធានីប៉េកាំងមិនអាចបញ្ឈប់ការជួញដូរសារធាតុញៀនហ្វេតានីល។ គេនៅចាំបានថា លោក ត្រាំ ក៏បានគំរាមយកពន្ធលើសពី ៦០ភាគរយលើទំនិញចិន ក្នុងពេលកំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតផងដែរ៕

