រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយវគ្គបណ្តុះបណ្តាល ជំនាញឌីជីថលចាំបាច់ និង ជំនាញបច្ចេកទេសឌីជីថល

ភ្នំពែញ៖ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ក្រុមការងារដឹកនាំ សម្របសម្រួល និងជំរុញឌីជីថលូបនីយកម្ម នៃក្រសួងផែនការ សហការជាមួយវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រារព្ធពិធីបើកសិក្ខាសាលាផ្សព្វផ្សាយវគ្គបណ្តុះបណ្តាល “ជំនាញឌីជីថលចាំបាច់” និង “ជំនាញបច្ចេកទេសឌីជីថល” ជូនដល់មន្ត្រីរាជការនៃក្រសួងផែនការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងផែនការ, លោកស្រី ងួន សុម៉ាលី ប្រធានវិទ្យាស្ថានអភិបាលកិច្ចឌីជីថល និងក្រុមការងារបច្ចេកទេស នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។
បន្ទាប់ពីរបាយការណ៍សង្ខេបរបស់ លោកជំទាវ ហង់ លីណា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមការងារដឹកនាំ សម្របសម្រួល និងជំរុញឌីជីថលូបនីយកម្ម នៃក្រសួងផែនការ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញមានមតិសំណេះសំណាល និងផ្ដល់អនុសាសន៍ជូនដល់អង្គពិធីទាំងមូល។
មានប្រសាសន៍ក្នុងពិធី ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារដឹកនាំ សម្របសម្រួល និងជំរុញឌីជីថលូបនីយកម្ម នៃក្រសួងផែនការ ដឹកនាំដោយលោកជំទាវ ហង់ លីណា ដែលបានសម្របសម្រួលរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានសហការនាំមកនូវវគ្គបណ្តុះបណ្តាលនេះ សម្រាប់មន្ត្រីរាជការនៃក្រសួងផែនការ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ក៏ដូចជាអនុស្សរណៈនៃការយោគយល់រវាងក្រសួងទាំងពីរ។
ក្នុងពិធីឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃឌីជីថលូបនីយកម្មសម្រាប់ក្រសួងផែនការ ដែលកិច្ចការនេះ នឹងរួមចំណែកធ្វើឱ្យប្រសើរឡើង និងសម្រួលដល់ការអនុវត្តការងារនានាក្នុងតួនាទីរបស់ក្រសួង ជូនរាជរដ្ឋាភិបាល ក៏ដូចជារួមចំណែកជំរុញអនុវត្តឆ្លើយតបទៅនឹងអាទិភាពគន្លឹះថ្មីស្តីពី “បច្ចេកវិទ្យា“ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងស្របតាមចលនាការណ៍នៃការធ្វើបរិវត្តកម្មឌីជីថល នៅក្នុងតំបន់ និងសកលលោក។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលឹកអំពីមុំទី២ របស់ស្នូលយុទ្ធសាស្ត្របញ្ចកោណ គឺការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តការងារ។ ក្នុងន័យនេះ ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសលើជំនាញឌីជីថល ពិតជាចាំបាច់និងមានសារៈសំខាន់ ក្នុងការកែទម្រង់ និងលើកកម្ពស់សមត្ថភាពស្ថាប័ន។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបន្ថែមថា សិក្ខាសាលានាឱកាសនេះ មានគោលបំណង ដើម្បីផ្សព្វផ្សាយអំពីវគ្គបណ្តុះបណ្តាល “ជំនាញឌីជីថលចាំបាច់” និង “ជំនាញបច្ចេកទេសឌីជីថល” ដែលនឹងរួមចំណែកលើកកម្ពស់សមត្ថភាព ជំនាញ ចំណេះដឹងឌីជីថល និងពង្រឹងសមត្ថភាពគ្រប់គ្រងថែទាំហេដ្ឋារចនាសម្ព័ន្ធបណ្តាញកុំព្យូទ័រ អភិវឌ្ឍន៍កម្មវិធីកុំព្យូទ័រ និងការប្រើប្រាស់ប្រកបដោយសុវត្ថិភាព។ បន្ទាប់ពីសិក្ខាសាលានេះ មន្ត្រីរាជការនៃក្រសួងផែនការ អាចដាក់ពាក្យចូលរួមធ្វើតេស្ត និងចូលសិក្សាលើវគ្គបណ្តុះបណ្តាល “ជំនាញឌីជីថលចាំបាច់” និង “ជំនាញបច្ចេកទេសឌីជីថល” នៅតាមអង្គភាពរបស់ខ្លួន ដើម្បីទទួលបានចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗ ពីគ្រូឧទ្ទេសដែលមានជំនាញ មកពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕

