បង្រ្កាបបទល្មើសនេសាទនៅភូមិសាស្តស្រុកឯកភ្នំ កម្ទេចឧបករណ៍នេសាទរាប់ពាន់ម៉ែត និងព្រលែងកូនត្រីជាង៤តោន

បាត់ដំបង៖ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងស្នងការខេត្តបាត់ដំបងបន្ត សហការជាមួយកម្លាំងយោធភូមិភាគ៥ បានចុះទៅបង្រ្កាបបទល្មើសនេសាទ៤ទីតាំង នៅក្នុងភូមិសាស្រ្ត ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
របាយការណ៍របស់ស្នងការខេត្តបាត់ដំបងឱ្យដឹងថា ការបង្រ្កាបខាងលើនេះ បានកាប់កម្ទេចនិងដុតនៅនឹងកន្លែង តែម្តង មានសាច់ម៉ងប្រវែង៤០០០ម៉ែត្រ ឡុកចំនួន១៥គ្រឿង បង្គោលចំនួន៥០៥០ដើម និងលែងកូនត្រី៤១០០គីឡូក្រាមចូលទៅក្នុងទន្លេវិញ។ទីតាំងដែលចុះទៅបង្រ្កាបការនេសាទអានាធិបតេយ្យនោះនៅចំនុចបឹងរហាល ចំណុចព្រែកតាបរ(អូរខ្សី) ចំនុចបឹងតាហឺ និងនៅ ចំនុចខាងក្រោយភូមិថ្វាងនៃភូមិសាស្រ្តស្រុកឯកភ្នំ។
សូមបញ្ជាក់ថាកាលពីថ្ងៃទី២៨ខែធ្នូ លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក យី យក់សាន នាយការិ យាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានដឹកនាំកម្លាំង បន្តសហការជាមួយកម្លាំងយោធភូមិ ភាគទី៥ មន្ទីរបរិស្ថាន និងកម្លាំងមន្ត្រីមន្ទីរអធិការកិច្ច ចុះស្រាវជ្រាវនិងបង្រ្កាបបទល្មើសនេសាទនៅក្នុងតំបន់អភិរក្សអតីតឡូតិ៍នេសាទលេខ២ស្ថិតក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ដែរដោយបានកំទេចសាច់ម៉ងប្រវែង ៣៤០ ០ ម៉ែត្រ ឡុកចំនួន០១គ្រឿង បង្គោលចំនួន៣៣០០ដើម។
ស្នងការខេត្តបញ្ជាក់ថាចំពោះវត្ថុតាងខាងលើត្រូវបានក្រុមការងារសម្រេចកាប់បំផ្លាញ (ដុតចោលនៅនឹងកន្លែង)ដោយឡែកមុខសញ្ញាប្រព្រឹត្តិល្មើសសមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវ ដើម្បីចាត់ការតាមច្បាប់៕

