ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២៤។
សូមជម្រាបជូនថា ក្នុងព្រះរាជដំណើរទស្សនកិច្ចនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានព្រះរាជទានព្រះរាជសវនាការដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំខេត្តហៃណាន និងជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិក ព្រមទាំងសិស្សានុសិស្សកម្ពុជា ដែលកំពុងសិក្សានៅសាលាពុទ្ធិកសិក្សាណានហៃ ផងដែរ។
ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង យាងទៅកាន់ខេត្តហៃណាន នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ៕

