សម្ដេចធិបតី៖ រាជរដ្ឋាភិបាល មិនលេងល្បែងក្នុងជម្លោះទឹកដី ជាមួយប្រទេសជិតខាង តាមការបំផុសបំផុលរបស់ក្រុមប្រឆាំងឡើយ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនលេងល្បែងក្នុងជម្លោះទឹកដីជាមួយប្រទេសជិតខាង តាមការបំផុសបំផុលរបស់ក្រុមប្រឆាំង ក្រៅប្រទេសឡើយ។
ក្នុងឱកាសអញ្ជើញប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែតបញ្ជាក់ថា យើងការពារនៅអ្វីដែលសល់ ក្នុងភាពស្របច្បាប់របស់យើង កន្លែងណាមិនទាន់ច្បាស់លាស់ យើងនៅបន្ដចុះបញ្ជី ចរចារព្រំដែន ដើម្បីផលប្រយោជន៍របស់យើង យើងមិនឱ្យបាច់ទេ ចឹងសូមឱ្យជឿទុកចិត្តចុះ។ ទោះបីយើងមួយថ្ងៃៗ មិនអង្គុយរឿង កោះគុត រឿង CLV ។ អ្នកនៅក្រៅ មួយថ្ងៃៗសំបូរពេល មួយថ្ងៃៗដើរតែដុត ធ្វើឱ្យប្រជាជនក្ដៅប្រហាយជាមួយរាជរដ្ឋាភិបាល ឱ្យប្រជាជនយល់ច្រលំ ដើម្បីបំផុស តែរាជរដ្ឋាភិបាល អត់លេងល្បែងនឹងទេ ។
ជុំវិញបញ្ហារឿង កោះគុត សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល កំពុងធ្វើការជាមួយភាគីថៃ តាមយន្តការច្បាប់។ រាជរដ្ឋាភិបាល គ្មានពេលអង្គុយឆ្លើយនោះទេ ព្រោះរាជរដ្ឋាភិបាល រវល់មួយថ្ងៃៗ ធ្វើកិច្ចការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ និងធ្វើកិច្ចការងារផ្សេងៗទៀត ៕

