នាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban ថាលោកបានជួបប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ និងមហាសេដ្ឋី លោក Elon Musk នៅក្នុងរដ្ឋ Florida

វ៉ាស៉ីនតោន៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ ២០២៤ នាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban បានឱ្យដឹងថា លោកបានជួបប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ និងមហាសេដ្ឋី លោក Elon Musk នៅឯផ្ទះរីសត Mar-a-Lago របស់លោក ត្រាំ ក្នុងរដ្ឋ Florida កាលពីថ្ងៃចន្ទ។
ដោយមិនបញ្ជាក់លម្អិត លោក Orban បានបង្ហោះសារតាមបណ្តាញសង្គម X ដូច្នេះថា «ថ្ងៃនេះនៅអាមេរិក។ ពេលវេលា នៃអនាគត បានចាប់ផ្តើមហើយ។ ការជួបជុំពេលរសៀល នៅ Mar-a-Lago ជាមួយលោក ដូណាល់ ត្រាំ លោក Elon musk និងលោក Michael gwaltz»។
កាលពីខែកក្កដា លោក Orban និងលោក ត្រាំ ធ្លាប់ជួបគ្នា ហើយបានពិភាក្សាអំពីលទ្ធភាពនៃការសម្រេចបានសន្តិភាព ដោយបើតាមអ្នកនាំពាក្យនាយករដ្ឋមន្រ្តី នៅពេលនោះលោក Orban ក៏បានជំរុញឱ្យមានបទឈប់បាញ់ នៅអ៊ុយក្រែនផងដែរ។ ក្រុមមន្រ្តីរបស់ លោក ត្រាំ មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយទេ។
គួរបញ្ជាក់ថា លោក Orban ដែលជាមេដឹកនាំជាតិនិយមម្នាក់ និងជាអ្នកគាំទ្រលោក ត្រាំ យូរមកហើយ បានធ្វើឱ្យហុងគ្រី ឯកោកាន់តែខ្លាំង នៅក្នុងសហភាពអឺរ៉ុប ដោយសារតែទំនាក់ទំនងជាមួយរុស្ស៉ី និងការជំទាស់ចំពោះជំនួយយោធា សម្រាប់អ៊ុយក្រែន៕
