ក្រសួងធនធានទឹក ប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលទឹកអាស៊ី (BoC-AWC)

ភ្នំពេញ៖ ឯកឧត្តម ប៉ុញ សច្ច: រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសម្រាប់ក្រុមប្រឹក្សាទឹកអាស៊ី (BoC-AWC) នៅសណ្ឋាគារសូហ្វីតែលភ្នំពេញផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីប្រទេសកូរ៉េ។
សូមជម្រាបថា កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីមកពីខុទ្ទកាល័យឯកឧត្តមរដ្ឋមន្រ្តី អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងមន្តី្រពាក់ព័ន្ធនៃក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងលោក Yongdeok Cho អគ្គលេខាធិការក្រុមប្រឹក្សាទឹកអាស៊ី (DG of AWC) សាជីវកម្មទឹកកូរ៉េ (K-water) សហការីអមដំណើរ និងមន្រ្តីពាក់ព័ន្ធនៅកូរ៉េ សរុបប្រមាណ ១០នាក់។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនាពេលនេះគឺធ្វើឡើងដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាស្តីពីការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសម្រាប់ក្រុមប្រឹក្សាទឹកអាស៊ី ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៥ ដល់ ២៨ ខែកុម្ភ: ឆ្នាំ២០២៥ ខាងមុខនេះ។
ជាលទ្ធផលកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា កិច្ចប្រជុំបានពិភាក្សាស៊ីជម្រៅ និងឯកភាពគ្នាទៅលើការបែងចែកការទទួលខុសត្រូវតាមភារកិច្ចរៀងៗខ្លួន ដូចជា ការអញ្ជើញសមាជិក ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ការរៀបចំកិច្ចប្រជុំ ការបដិសណ្ឋារកិច្ច និងការធ្វើទស្សនកិច្ចតំបន់ប្រវត្តិសាស្រ្តជាដើម៕

