«ទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស» លើកទី១៨ នឹងប្រព្រឹត្តិធ្វើទៅនៅថ្ងៃទី១២ ខែធ្នូ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ «ទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស» លើកទី១៨ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» នឹងប្រព្រឹត្តិធ្វើទ្បើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីផ្តើមម៉ោង០៨ៈ០០នាទីព្រឹកនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឱ្យដឹងថា កម្មវិធីនេះ មានគោលបំណងបង្ហាញពីឆន្ទៈមោះមុតរបស់ រាជរដ្ឋាភិបាលដែលនៅតែបន្តឥតឈប់ឈរក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណជន អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ វិស័យឯកជន មន្ត្រីរាជការគ្រប់ឋានានុក្រមនៅគ្រប់ក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងបុព្វជិតគ្រប់និកាយសាសនា ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាឱ្យមានការយល់ដឹង ដើម្បីសហការចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសថ្មីៗលើគ្រប់រូបភាពដែលពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្សនៅកម្ពុជា។
គណៈកម្មាធិការជាតិបន្ថែមថា កម្មវិធីនេះនឹងបន្តរៀបចំតាមសាលារៀន និងតាមបណ្តារាជធានី-ខេត្ត ទូទាំងប្រទេសដើម្បីជាយុទ្ធនាការជាតិដ៏ធំ បង្ហាញអំពីការរួមសហការគ្នាបង្កើតនូវប្រព័ន្ធសុវត្ថិភាពសម្រាប់ការពារមនុស្សគ្រប់រូបឱ្យរួចផុតពីភាពងាយរងគ្រោះដោយអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយ នាយុគសម័យឌីជីថល ឆ្ពោះទៅកាន់ភាពសុខសាន្ត និងអភិវឌ្ឍគ្រប់វិស័យ៕

