កម្លាំងកងរាជអាវុធហត្ថ ចាប់ខ្លួនជនសង្ស័យ ៧នាក់ និងរំដោះបុរសជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់នៅខណ្ឌសែនសុខ

ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស៧នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន នឹងរំដោះបុរសជនជាតិចិនម្នាក់ ជាប់សង្ស័យពាក់ព័ន្ធករណីចាប់ជំរិត កាលពីយប់ថ្ងៃទី៩ធ្នូ ឆ្នាំ២០២៤ ចំណុចខុនដូមួយកន្លែងក្បែរផ្លូវ២០០២ ស្ថិក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញមានមនុស្សមួយក្រុមធ្វើសកម្មភាព ចាប់បុរសជនបរទេសម្នាក់ វាយខ្នោះដៃច្រកចូលថង់ខ្មៅយកចូលក្នុងខុនដូ។ ដោយមានការសង្ស័យពលរដ្ឋក្បែរទីតាំងខាងលើ បានរាយការណ៍ទៅកាន់សមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌសែនសុខ ដើម្បីសុំកិច្ចអន្តរាគមន៍។
ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងកងរាជអាវុធហត្ថ បានចុះទៅដល់ទីតាំងកើតហេតុ ព្រមទាំងធ្វើការឃាត់ខ្លួនមនុស្សចំនួន៧នាក់ ក្នុងនោះមានខ្មែរម្នាក់ ព្រមទាំងរំដោះជនរងគ្រោះម្នាក់ជាជនជាតិចិនដូចគ្នា បញ្ជូនទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខធ្វើការសួរនាំ ដើម្បីចាត់ការបន្ត៕

