ស្ថិតក្នុងបញ្ជីអង្គការយូណេស្កូ៩ឆ្នាំ “ល្បែងទាញព្រ័ត្រ” របស់កម្ពុជាកាន់តែល្បីល្បាញសាយភាយកេរ្តិ៍ឈ្មោះទៅកាន់បណ្តាប្រទេសលើពិភពលោក

ភ្នំពេញ៖ បន្ទាប់ពីបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូជិតមួយទសវត្សរ៍ «ល្បែងទាញព្រ័ត្រ» របស់កម្ពុជា កាន់តែល្បីល្បាញសាយភាយកេរ្តិ៍ឈ្មោះទៅកាន់បណ្តាប្រទេសលើពិភពលោក។
អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ុំ ម៉ាប់ ក្នុងឱកាសខួបលើកទី៩ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី ២ធ្នូ ឆ្នាំ២០២៤ បានថ្លែងប្រាប់ថា ក្រោយពីកម្ពុជាបានបញ្ចូល «ល្បែងទាញព្រ័ត្រ» ក្នុងបញ្ជីអង្គការយូណេស្កូ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ប្រជាជនកម្ពុជាទាំងមូលបាននាំគ្នាយកចិត្តទុកដាក់ផ្សព្វផ្សាយទាំងថ្នាក់ជាតិ និងអន្តរជាតិ។
លោកសង្កេតឃើញថា ប្រជាជនកម្ពុជា រួមគ្នាចូលរួមថែរក្សា ការពារ និងអភិរក្សល្បែងទាញព្រ័ត្រនេះឡើងវិញ ក្នុងទម្រង់រូបភាពជាច្រើន។ តួយ៉ាងនៅតាមតំបន់នីមួយៗចាប់ផ្តើមប្រារព្ធធ្វើល្បែងនេះជារៀងរាល់ឆ្នាំក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី។ ទន្ទឹមគ្នានោះក៏ធ្វើឱ្យប្រទេសផ្សេងៗស្គាល់ពីល្បែងទាញព្រ័ត្រផងដែរ។
អ្នកនាំពាក្យរូបនេះ គូសបញ្ជាក់ថា៖«មានការទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ ថែមទាំងជួយទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនតាមរយៈការមកទស្សនាចម្លាក់ទាញព្រ័ត្រនៅតាមប្រាសាទបុរាណខ្មែរនានាក្នុងប្រទេសកម្ពុជា ព្រមទាំងធ្លាប់បានការផ្លាស់ប្ដូរបទពិសោធរវាងគ្នាទៅវិញទៅមក»។ ជាក់ស្តែងកាលពីដើមឆ្នាំ២០២៤ កម្ពុជាតាមរយៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយក្រុង Dangjin សមាគមអភិរក្សល្បែងទាញព្រ័ត្រ និងអង្គការ ICHCAP នៃសាធារណរដ្ឋកូរ៉េ រៀបចំកម្មវិធីផ្លាស់ប្ដូរវប្បធម៌នៃសហគមន៍ទាញព្រ័ត្ររយៈពេល១២ថ្ងៃ ដើម្បីលើកកម្ពស់ការយល់ដឹង និងពង្រឹងយន្តការអភិរក្សល្បែងទាញព្រ័ត្រ។
សូមជម្រាបថា «ល្បែងទាញព្រ័ត្រ» មានតាំងពីបុរាណកាលមកម្ល៉េះ ប៉ុន្តែមុនពេលដាក់ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ល្បែងនេះនៅតាមតំបន់ខ្លះ មិនត្រូវបានលើកយកមកលេង ឬបង្ហាញឡើយ ហើយបញ្ហាទាំងនេះបណ្តាលឱ្យក្មេងៗនៅតំបន់នោះមិនដឹងថាអ្វីទៅជាល្បែងទាញព្រ័ត្រ និងលេងល្បែងនេះដោយរបៀបណា ហើយមានអត្ថន័យ ឬលក្ខណៈពិសេសដូចម្តេច។ តែយ៉ាងណាមកដល់បច្ចុប្បន្ន ក្រសួងបានចូលរួមក្នុងការលើកម្ពស់ និងអភិរក្ស «ល្បែងទាញព្រ័ត្រ» តាមរយៈការឧបត្ថម្ភ គាំទ្រជាថវិកា ចងក្រងជាឯកសារ សៀវភៅ វីដេអូ និងរូបថតផ្សេងៗដើម្បីផ្សព្វផ្សាយ៕

