ទ័ពជើងទឹកមីយ៉ាន់ម៉ា បាញ់ប្រហារទូកនេសាទថៃខុសច្បាប់

បាងកក៖ កាលពីថ្ងៃសៅរ៍ទី៣០ ខែវិច្ឆិកា ម្សិលមិញនេះ មន្ត្រីនាំពាក្យក្រសួងការពារជាតិថៃ បានអះអាងថា កងទ័ពជើងទឹកមីយ៉ាន់ម៉ា បានបើកការបាញ់ប្រហារលើទូកនេសាទថៃមួយក្រុម ដោយបណ្តាលឱ្យអ្នកនេសាទម្នាក់ធ្លាក់ពីលើទូកលង់ទឹកស្លាប់ ហើយឃាត់ខ្លួនបានក្រុមនេសាទ៣១នាក់។
អ្នកនាំពាក្យ លោក ថាណាធីប សាវ៉ាងសាន (Thanatip Sawangsang) បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទូកនេសាទថៃចំនួន២គ្រឿង ក្នុងចំណោម ១៥គ្រឿងត្រូវបានបាញ់ដោយកងទ័ពមីយ៉ាន់ម៉ា បន្ទាប់ពីក្រុមនេសាទថៃទាំងនោះបានប្រតិបត្តិការនៅក្នុងដែនទឹកមីយ៉ាន់ម៉ា។
លោកបានបន្ថែមថា អ្នកនេសាទ៣នាក់បានលោតចូលទៅក្នុងទឹកក្នុងអំឡុងពេលកើតហេតុ ដោយម្នាក់បានលង់ទឹកស្លាប់ ខណៈ២នាក់ ត្រូវបានជួយសង្គ្រោះដោយកងទ័ពជើងទឹកថៃ។
អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា ទូកមួយក្នុងចំណោមទូកដែលមានអ្នកនេសាទ ៣១នាក់នៅលើនោះត្រូវបានចាប់ខ្លួនដោយកងទ័ពជើងទឹកមីយ៉ាន់ម៉ា ខណៈកងទ័ពជើងទឹកថៃកំពុងស្ថិតក្នុងការចរចាដើម្បីធានាការដោះលែងពួកគេត្រឡប់ទៅវិញ។ ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក នីកនឌិច បាឡានគូរ៉ា (Nikorndej Balankura) បានអះអាងថា ក្រសួងក៏កំពុងសម្របសម្រួលជាមួយអាជ្ញាធរក្នុងប្រទេសមីយ៉ាន់ម៉ាដើម្បីស្វែងរកការដោះលែងអ្នកនេសាទ និងវាយតម្លៃថា តើការបំពានច្បាប់អន្តរជាតិមួយណាដែលបានកើតឡើង។

