មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធីសប្តាហ៍ទឹកអន្តរជាតិកូរ៉េ ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមកម្មវិធីសប្តាហ៍ទឹកអន្តរជាតិកូរ៉េឆ្នាំ២០២៤ នៅExCO ក្នុងទីក្រុងDaegu នៃសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
សូមជម្រាបថា សប្តាហ៍ទឹកអន្តរជាតិកូរ៉េឆ្នាំ២០២៤ មានការចូលរួមពីបណ្តារដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល អ្នកស្រាវជ្រាវ អ្នកជំនាញពាក់ព័ន្ធផ្នែកទឹកមកពីតំបន់នានានៅលើពិភពលោកសរុបប្រមាណ ១៥០០០នាក់ មកពី ៧០ប្រទេស និងមានស្តង់ពិព័រណ៍សរុប ៧១ស្តង់។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា កម្មវិធីសប្តាហ៍ទឹកអន្តរជាតិកូរ៉េឆ្នាំ២០២៤នេះ ផ្តោតលើប្រធានបទ “កសាងអនាគតទឹកឆ្លាតវៃ តាមរយៈការចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យា” ដោយផ្តោតទៅលើការរុករកបច្ចកវិទ្យាឌីជីថលឆ្ពោះទៅអនាគតសម្រាប់ទឹក។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់បន្ថែមថា កម្មវិធីក៏បានលើកឡើងនូវផែនការ ដើម្បីឆ្លើយតបសម្រាប់ពេលអនាគតលើ ១)ពង្រឹងភាពជាដៃគូសកលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចសហប្រតិបតិ្តការដែលមានសក្តានុពល ២)ផ្តល់នូវចំណុចប្រទាក់ក្រឡាគ្នារវាងវិទ្យាសាស្រ្ត និងគោលនយោបាយសម្រាប់ការអនុវត្តដំណោះស្រាយជាក់ស្តែងចំពោះបញ្ហាប្រឈមនឹងទឹក ៣)ការតភ្ជាប់ប្រទេសកំពុងអភិវឌ្ឍ និងអភិវឌ្ឍន៍រួចហើយ តាមរយៈបច្ចេកវិទ្យាទំនើប ការអនុវត្ត និងគោលនយោបាយល្អបំផុត និង៤)តាមដានលទ្ធផល និងការសម្រេចបាននៃវេទិកាទឹកពិភពលោកលើកទី៧ កាលពីឆ្នាំ២០១៥កន្លងមក។
នៅក្នុងឱកាសនោះដែរ ឯកឧត្តរដ្ឋលេខាធិការ ក៏បានអញ្ជើញចូលរួមថ្លៃងសុន្ទរកថាអបអរសាទរ ក្នុងពិធីបើកកម្មវិធីសប្តាហ៍ទឹកអន្តរជាតិកូរ៉េឆ្នាំ២០២៤ ព្រមទាំងបានធ្វើទស្សនកិច្ចតាមស្តង់ពិព័រណ៍បច្ចេកវិទ្យាពាក់ព័ន្ធនឹងវិស័យទឹក និងបានជួបជាមួយវិទ្យាស្ថានអង្កេតជលសាស្រ្តកូរ៉េ (KIHS) នៅស្តង់ពិព័រណ៍ ដើម្បីយល់ដឹងពីបច្ចេកវិទ្យាថ្មីៗបន្ថែម។ ជាលទ្ធផល វិទ្យាស្ថានអង្កេតជលសាស្ត្រកូរ៉េនឹងពិនិត្យលទ្ធភាពក្នុងការសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីផ្តល់ចំណេះដឹងបច្ចេកទេស និងពង្រឹងសមត្ថភាពមន្រ្តីលើផ្នែកអង្កេតជលសាស្រ្តនៅក្នុងគម្រោងODA ក្រោយៗទៀត៕

