២ថ្ងៃ ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ជិត ៧ មុឺននាក់ មកទស្សនាកំសាន្ត ក្នុងកម្មវិធីប្រណាំងទូក នៅខេត្តស្ទឹងត្រែង

ភ្នំពេញ៖ រយ:ពេល២ ថ្ងៃ នៃពិធីបុណ្យអ៊ុំទូកខ្នាតអន្តរជាតិ នៅខេត្តស្ទឹងត្រែង មានប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍ មកទស្សនាកំសាន្តជិត ៧ មុឺននាក់ ។ នេះបើតាមរបាយការណ៍របស់ លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង។
ក្នុងនោះដែរ លោក ប្រធានមន្ទីរ បានបញ្ចាក់បន្ថែមថា: ប្រជាពលរដ្ឋនិងភ្ញៀវទេសចរដែលមកទស្សនាកំសាន្ត នៅក្នុងកម្មវិធីប្រណាំងទូក ការប្រកួតកីឡាប្រដាល់ ការសំដែងរបាំងប្រពៃណី និងការតាំងពិពណ៍ផលិតផល រយះពេល ២ថ្ងៃ នៅថ្ងៃទី ២៦-២៧ ខែតុលាឆ្នាំ ២០២៤ នៅក្នុងខេត្តស្ទឹងត្រែងទទួលបានភ្ញៀវទេសចរចំនួនប្រមាណជា ៦៥,០០០ នាក់។
លោកបានបន្តថា បើធៀបជាមួយឆ្នាំ២០២៣ ភ្ញៀវទេសចរមានការកើនឡើង ចំនួន ៤០,៥៨៩ នាក់ស្មើនិង ១៦៦,២៧ ភាគរយ ក្នុងនោះរួមមាន៖
-ភ្ញៀវទេសចរជាតិទទួលបានចំនួន៦៤,៩៥៥ កើនឡើងចំនួន ៤០,៥៦៩ នាក់ស្មើនិង ១៦៦,៣៦ ភាគរយ ។
-ភ្ញៀវទេសចរអន្តរជាតិទទួលបានចំនួន ៤៥ នាក់ កើនឡើងចំនួន ២០ នាក់ស្មើនិង៨០ ភាគរយ៕

