ផ្សែងពុលបានគ្របដណ្ដប់ រដ្ឋធានីរបស់ឥណ្ឌា ខណៈការបំពុលបរិយាកាសដែលបង្កឡើងដោយកាំជ្រួច និងការដុតជញ្ជ្រាំង តាមដីស្រែចម្ការ ត្រូវបានចាត់ចំណាត់

ញូវដេលី៖ ផ្សែងពុលបានគ្របដណ្ដប់រដ្ឋធានីរបស់ប្រទេសឥណ្ឌា ខណៈការបំពុលបរិយាកាសដែលបង្កឡើងដោយកាំជ្រួច និងការដុតជញ្ជ្រាំងនៅតាមដីស្រែចម្ការ ត្រូវបានចាត់ចំណាត់ថ្នាក់ក្នុងកម្រិតគ្រោះថ្នាក់ ដោយអ្នកឃ្លាំមើលជាលើកដំបូងក្នុងរដូវរងានេះ។
រដ្ឋធានីញូវដេលី ជាជម្រករបស់ប្រជាជនជាង៣០លាននាក់ ត្រូវបានចាត់ថ្នាក់ជាញឹកញាប់ជាតំបន់មានការបំពុលបំផុតមួយនៅលើភពផែនដី។ យោងតាមអ្នកជំនាញសុខភាព អ្នកធ្វើដំណើរត្រូវបានធ្វើទុក្ខបុកម្នេញដោយផ្សែងពុល និងបានសម្លាប់មនុស្សរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ខណៈមនុស្សភាគតិចនៅក្នុងរដ្ឋធានីដ៏ធំទូលាយនេះ ពាក់ម៉ាស់ការពារ។ វិមានដ៏ល្បី India Gate របស់រដ្ឋធានី ត្រូវបានគ្របដណ្ដប់ដោយផ្សែងពុល និងមានក្លិនមិនល្អ។ មែនទែនទៅ រដ្ឋធានីញូវដេលី ត្រូវបានគ្របដណ្ដប់ដោយផ្សែងពុលយ៉ាងខ្លាំងជារៀងរាល់ឆ្នាំ ភាគច្រើនបណ្តាលមកពីការដុតជញ្ជ្រាំងរបស់កសិករនៅក្នុងតំបន់ជិតខាង ដើម្បីសម្អាតវាលស្រែរបស់ពួកគេសម្រាប់ការភ្ជួររាស់។ កម្រិតនៃភាគល្អិតបង្កជាជំងឺមហារីក ដែលមានឈ្មោះថា សារធាតុពុល PM2.5 និងចូលទៅក្នុងចរន្តឈាមតាមរយៈសួត បានកើនឡើងដល់ជិត២៣ដងលើសពីកម្រិតដែលអង្គការសុខភាពពិភពលោក បានណែនាំជាអតិបរមាប្រចាំថ្ងៃ។
យោងតាមក្រុមហ៊ុនតាមដាន IQAir ការបំពុលបានឡើងដល់៣៤៤មីក្រូក្រាមក្នុងមួយម៉ែត្រគូប ដោយបានចុះបញ្ជីខ្យល់នៅក្នុងរដ្ឋធានីដ៏ធំមួយនេះ ថាមានគ្រោះថ្នាក់ និងចាត់ចំណាត់ថ្នាក់វាជាកម្រិតធ្ងន់ធ្ងរបំផុតរបស់ពិភពលោក។ ការបំពុលខ្យល់ត្រូវបានគេរំពឹងថា នឹងកាន់តែអាក្រក់ឡើងក្នុងអំឡុងពេលពិធីបុណ្យភ្លើងសាសនាហិណ្ឌូ Diwali ដែលប្រព្រឹត្តិទៅនៅថ្ងៃទី១ ខែវិច្ឆិកាឆ្នាំនេះ ខណៈការដុតកាំជ្រួចមានផ្សែងហុយ និងផ្សែងពុល ត្រូវបានធ្វើឡើងជាផ្នែកនៃការប្រារព្ធពិធី។
គួរបញ្ជាក់ថា រដ្ឋបាលរដ្ឋធានីញូវដេលី ក្នុងប៉ុន្មានឆ្នាំកន្លង បានព្យាយាមកាត់បន្ថយការបំពុលដោយការរឹតបន្តឹងចរាចរណ៍យានយន្ត រួមទាំងគ្រោងការណ៍ដែលអនុញ្ញាតឱ្យតែរថយន្តមានស្លាកលេខសេស ឬលេខគូប៉ុណ្ណោះ អាចធ្វើដំណើរនៅថ្ងៃឆ្លាស់គ្នា។ អាជ្ញាធរ ក៏បានដាក់បម្រាមតាមរដូវកាលលើការងារសំណង់ និងរថយន្តប្រើប្រេងម៉ាស៊ូតមិនឱ្យចូលក្នុងរដ្ឋធានី។ ប៉ុន្តែរហូតមកដល់ពេលនេះ កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល បានបរាជ័យក្នុងការដោះស្រាយបញ្ហាគុណភាពខ្យល់របស់ប្រទេស។ ការសិក្សាមួយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ Lancet បានសន្មតថា មនុស្សប្រមាណ១,៦៧លាននាក់ បានស្លាប់មុនអាយុក្នុងឆ្នាំ២០១៩ ដោយសារតែការបំពុលបរិយាកាសនៅក្នុងប្រទេស ដែលមានប្រជាជនច្រើនជាងគេរបស់ពិភពលោកមួយនេះ។

