លោកជំទាវ ម៉ាណ ណាវី នាំយកអំណោយរបស់សប្បុរសជន និងថវិកាផ្ទាល់ខ្លួន ឧបត្ថម្ភជូនដល់អ្នករងគ្រោះអគ្គិភ័យ ៩ខ្នងផ្ទះ

លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញនាំយកអំណោយរបស់សប្បុរសជន និងថវិកាផ្ទាល់ខ្លួន ឧបត្ថម្ភជូនដល់អ្នករងគ្រោះអគ្គិភ័យចំនួន៩ខ្នងផ្ទះ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ កន្លងមក ស្ថិតនៅភូមិ៣ សង្កត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបានលើកទឹកចិត្តទៅដល់អ្នករងគ្រោះទាំងអស់ឱ្យខិតខំប្រឹងប្រែងឡើងវិញនូវអ្វីដែលបាត់បង់ និងត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ជៀសវាងកុំឱ្យមានគ្រោះថ្នាក់ណាកើតឡើងទៀត។ លោកជំទាវក៏បានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធដែលបានជួយសង្គ្រោះទាន់ពេលវេលាផងដែរ។
សូមបញ្ជាក់ថា អំណោយសប្បុរសជនតាមរយៈអំណោយពីលោក លី មូសា អ៊ីម៉ាំស្រុកកោះសូទិន បងប្អូនជនរងគ្រោះ៧ខ្នងផ្ទះ ទទួលបានអង្ករ៥០គីឡូក្រាម សារុង១ ម៉ាខ្នា១ និងថវិកា១៥ម៉ឺនរៀលក្នុង១ខ្នងផ្ទះ និងផ្ទះចំនួន២ដែលឆេះទាំងស្រុងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន៤០ម៉ឺនទៀត។ មិនតែប៉ុណ្ណោះ លោកជំទាវក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជូនទៅកាន់ជនរងគ្រោះផងដែរ ក្នុងនោះ៧ខ្នងផ្ទះដែលប៉ះពាល់នូវថវិកា១០ម៉ឺនរៀលក្នុង១ខ្នងផ្ទះ និង២ខ្នងផ្ទះទៀតដែលឆេះទាំងស្រុង ទទួលបានថវិកា២០ម៉ឺនរៀលក្នុង១ខ្នងផ្ទះ៕
