ឧត្តមសេនីយ៍ត្រី ហុក ចន្តា សំណេះសំណាល និងចែកជូនវត្ថុអនុស្សាវរីយ៍ ដល់យោធិនចូលសោធននិវត្តន៍ចំនួន ២៧រូប

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត បានធ្វើពិធីសំណេះសំណាល និង ចែកជូនវត្ថុអនុស្សាវរីយ៍ ដល់យោធិនដល់អាយុត្រូវដាក់ឲ្យចូលសោធននិវត្តន៍ក្នុង ឆ្នាំ២០២៤ ក្រោមអធិបតីភាពឧត្តមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹកត្តិការសឹករងកំពត។
ថ្លែងក្នុងពិធីនេះសំណេះសំណាល និងផ្ដាំផ្ញើក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ហុក ចន្តា បានលើកឡើងពីគុណនូបការ: និងរំឮកអនុស្សាវរីយ៍របស់បងប្អូនយោធិនសោធននិវត្តន៍ កាលដែលបងប្អូននៅជាយុទ្ធមិត្តធ្លាប់ចូលរួមរំដោះជាតិមាតុភូមិ ក្នុងដំណាក់កាលផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ចូលរួមរក្សាការពារការវិលត្រឡប់នៃរបបប៉ុលពតក្នុងដំណាក់កាលដៃម្ខាងការពារសន្តិភាពផង ដៃម្ខាងទៀតខំប្រឹងអភិវឌ្ឍន៍ប្រទេសផងដោយបាតដៃទទេចាប់តាំងពីឆ្នាំ១៩៧៩ រហូតទំរាំប្រទេសជាតិមានសុខសន្តិភាពពេញលេញដល់សព្វថ្ងៃ ទាំងអស់នេះស្ដែងចេញពីវីរ:ភាពដ៏អង់អាចរបស់បងប្អូនទាំងអស់គ្នាបានរួមចំណែកកន្លងមក រហូតដល់អាយុត្រូវបានដាក់ឲ្យចូលសោធននិវត្តន៍នាពេលនេះ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបន្តទៀតថាពេលបងប្អូនចាកចេញពីអង្គភាពវិលទៅកាន់ជីវភាពជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរៀងៗខ្លួនវិញក៏ដោយ ក៏រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៍ដូចជា ក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោក ធ្វើជាសេនាធិការ មិនបានបោះបង់ឬមើលបងប្អូននឹងភ្នែកទេគឺនៅតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ចជាក់ស្ដែងដូចជាការជួបជុំគ្នាក្នុងទិវាសមាគមន៍អតីតយុទ្ធជនកម្ពុជាជាដើម។ល។
ត្រូវថែរក្សាសុខភាពឲ្យបានមាំទាំ ត្រូវធ្វើជាបង្គោល និងជាឃោសនិកក្នុងការថែរក្សាសន្តិភាពដែលយើងរកបានមកដោយលំបាកនៅតាមមូលដ្ឋានរស់នៅរបស់បងប្អូននិងអប់រំកុំឲ្យកូនក្មួយជំនាន់ក្រោយជឿពាក្យញុះញង់អូសទាញរបស់ក្រុមជនអគតិឬក្រុមឧទ្ទាមក្រៅច្បាប់ឲ្យសោះ។
ក្នុងនោះដែរ លោកឧត្ដមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការ បានចែកជូនក្នុងម្នាក់ៗជាសម្ភារៈគ្រឿងឧបភោគ បរិភោគ អង្ករ; មី; ទឹកត្រី; ទឹកសុីវ បំពាក់ក្រមា ជានិមិត្តរូប និងថវិកាចំនួន ២០,០០០រៀលផងដែរ ៕

