មនុស្សម្នាក់នាក់ស្លាប់ និង ១២នាក់ជាប់នៅក្រោមដីក្នុងអណ្តូងរ៉ែមាស ក្នុងរដ្ឋ Colorado សហរដ្ឋអាមេរិក

ឡូសអេនជឺលេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែតុលាថា មនុស្សម្នាក់បានបាត់បង់ជីវិត និង១២នាក់ផ្សេងទៀត បានជាប់ក្នុងដីជម្រៅ ១,០០០ហ្វីត (៣០៥ម៉ែត្រ) នៅក្រោមដីក្នុងអណ្តូងរ៉ែមាស ក្នុងរដ្ឋខូឡូរ៉ាដូ សហរដ្ឋអាមេរិក ដោយសារបញ្ហាឧបករណ៍។
បុគ្គលទាំងនោះជាផ្នែកមួយនៃក្រុមទេសចរណ៍ ហើយបានជាប់គាំងនៅជិតបាតអណ្តូងរ៉ែមាស Mollie Kathleen ក្នុងទីក្រុង Cripple Creek តំបន់ Teller County នៃរដ្ឋ Colorado ប្រហែលថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍។
ឧបទ្ទវហេតុនេះគឺបណ្តាលមកពីបញ្ហាឧបករណ៍ នេះបើយោងតាមការបង្ហោះពីការិយាល័យតម្រួតខោនធី Teller។
លោក Jason Mikesell ស្នងការខេត្ត Teller បានឲ្យដឹងថា មនុស្សម្នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុនេះ ហើយមនុស្ស ១២នាក់បានជាប់គាំងនៅក្នុងអណ្តូងរ៉ែ។
លោលោកបានបន្តថា មនុស្ស ១១នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះក្នុងនោះមានកុមារពីរនាក់ផងដែរ។
លោក Mikesell បានបន្ថែមថា មនុស្ស ១២នាក់ដែលជាប់គាំងនៅក្រោមដីគឺមានសុវត្ថិភាព។ ក្រុមជួយសង្គ្រោះកំពុងធ្វើការដើម្បីយកពួកគេចេញនៅយប់ថ្ងៃព្រហស្បតិ៍។
យោងតាមលោក Mikesell បានឱ្យដឹងថា អ្នកជំនាញផ្នែកសុវត្ថិភាពនៃជណ្តើរយន្ត និងអណ្តូងរ៉ែស្ថិតនៅនឹងកន្លែង ដើម្បីត្រួតពិនិត្យសុវត្ថិភាពរបស់ជណ្តើរយន្ត មុនពេលវាត្រូវបានប្រើដើម្បីនាំយកអ្នកដែលជាប់គាំងឡើងដល់ដី។
ភ្នាក់ងារជាច្រើន រួមទាំងក្រុមស្វែងរក និងជួយសង្គ្រោះ កំពុងឆ្លើយតបនឹងឧបទ្ទវហេតុនេះ ជាមួយនឹងឧបករណ៍ធុនធ្ងន់។
អភិបាលរដ្ឋ Colorado លោក Jared Polis បានឲ្យដឹងថា រដ្ឋកំពុងជួយដល់ខោនធី Teller និងបញ្ជូនធនធានដើម្បីជួយសង្គ្រោះមនុស្សដែលជាប់នៅក្នុងអណ្តូងរ៉ែ។ លោក Polis បានបន្តនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន និងជួយដល់ខោនធី ដើម្បីធានាបាននូវដំណោះស្រាយយ៉ាងឆាប់រហ័ស និងសុវត្ថិភាពនៃស្ថានភាព។
អណ្តូងរ៉ែគឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយនៅជិត Cripple Creek រដ្ឋ Colorado។
