អ្នកនាំពាក្យសាលារាជធានីភ្នំពេញ៖ កម្មករ និយោជិត និងប្រជាពលរដ្ឋ ជាង ៧ម៉ឺននាក់ ទទួលបានសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ពីរដ្ឋបាលរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ និងជានាយកទីចាត់ការរដ្ឋបាលសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា មានបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ប្រមាណជាង ៧ម៉ឺននាក់ ទទួល បានសេវាដឹកជញ្ជូន សាធារណៈ ដោយមិនបង់ប្រាក់ពីរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពួកគាត់ទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តភាគឦសាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ និងត្រឡប់មកវិញក្នុងរយៈពេល ៦ថ្ងៃកន្លងមកនេះ។
លោកស្រី បានឱ្យដឹងទៀតថា រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២៤ បងប្អូនកម្មករ កម្មការនី និយោជិត និងប្រជាពលរដ្ឋ សរុប ចំនួន ៧១.៣៦០នាក់ បានទទួលសេវាដឹកជញ្ជូន សាធារណៈ ដោយមិនបង់ប្រាក់ ដើម្បីទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តភាគឦសាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ និងវិលត្រឡប៊មកវិញប្រកបដោយ ផាសុកភាព សុវត្ថិភាពនិង រីករាយ។
លោកស្រីអ្នកនាំពាក្យ បន្តថា តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ សូមគោរពថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបាន ផ្តល់សេវាដឹកជញ្ជូនដោយ មិនគិតថ្លៃជួយសម្រាល បន្ទុក ចំណាយលើការធ្វើដំណើរ បានយ៉ាងច្រើន។
ពាក់ព័ន្ធនិងការងារខាងលើនេះដែរ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្មក់ចុះទៅពិនិត្យ និងជូនដំណើរបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋឡើងរថយន្តក្រុងសាធារណៈ ចេញទៅស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
សូមរំលឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលកាលបរិច្ឆេទ នៃការដឹកជញ្ជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្តាខេត្តភាគឦសានក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដោយប្រើប្រាស់រយៈពេល ០៦ថ្ងៃ ចាប់ផ្តើមចេញដំណើរពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ វិញ «ជិះមិនបង់ប្រាក់» ដោយប្រើប្រាស់រថយន្តក្រុងចំនួន ៦៥៣គ្រឿង៕

