ឯកឧត្តមបណ្ឌិត ឌី ខាំបូលី ចូលរួមកិច្ចប្រជុំក្រុមការងារអាដហុកលើកទី៦ ស្តីពីការអភិវឌ្ឍផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ភ្នំពេញ៖ នៅថ្ងៃទី២៤-២៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ឌី ខាំបូលី ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានរបស់កម្ពុជា បានដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមការងារអាដហុកលើកទី៦ ស្តីពីការអភិវឌ្ឍផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ានក្រោយឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។ កិច្ចប្រជុំនេះមានការចូលរួមពីឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានទាំង១០ប្រទេសសមាជិក លេខាធិការអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន និងឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន នៃប្រទេសទីម័រឡេសស្តេ។
កិច្ចប្រជុំក្រុមនេះ មានគោលបំណងបន្តពិភាក្សា និងផ្តល់ធាតុចូលបន្ថែម ដែលទទួលបានពីក្រសួង/ស្ថានប័នក្រោមសរសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន និងធាតុចូលទាំងឡាយដែលទទួលបានពីកិច្ចពិភាក្សាផ្ទាល់មុខជាមួយតំណាងសមាជិកសភា (ASEAN Parliamentarians) ឥស្សរជនសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Eminent Persons) និងប្រធានវិស័យក្រោមសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Chairs of Ministerial Sectoral Bodies) នៅក្នុងកិច្ចប្រជុំក្រុមការងារអាដហុកលើកទី៥ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នៅថ្ងៃទី០៨-១០ កក្កដា ២០២៤ កន្លងទៅ។
កិច្ចប្រជុំក្រុមការងារអាដហុកស្តីពី ការអភិវឌ្ឍផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥ ទាំងអស់មានចំនួន ៧លើក រួមមាន៖ (១) កិច្ចប្រជុំត្រូវបានរៀបចំឡើងតាមប្រព័ន្ធអនឡាញ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ (២) កិច្ចប្រជុំត្រូវបានរៀបចំឡើងនៅទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ (៣) កិច្ចប្រជុំត្រូវបានរៀបចំឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២០-២៣ ខែមេសា ឆ្នាំ២០២៤ (៤) កិច្ចប្រជុំត្រូវបានរៀបចំឡើងនៅក្នុងប្រទេសប្រ៊ុយណេ នៅថ្ងៃទី២៨-២៩ ខែឧសភា ឆ្នាំ២០២៤ (៥) កិច្ចប្រជុំត្រូវបានរៀបចំឡើងនៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី០៨-១០ ខែកក្កដា ឆ្នាំ២០២៤ (៦) (កិច្ចប្រជុំលើកនេះ) ត្រូវបានរៀបចំឡើងនៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូ នេស៊ី នៅថ្ងៃទី២៣-២៨ ខែសីហា ឆ្នាំ២០២៤ និង(៧) កិច្ចប្រជុំនឹងត្រូវបានរៀបចំឡើងនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នៅថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៤។
ជាលទ្ធផល ផែនការយុទ្ធសាស្រ្តសហគមន៍សង្គម-វប្បធម៌អាស៊ានក្រោយឆ្នាំ២០២៥ សម្រេចបានគោលដៅយុទ្ធសាស្ត្រ (Strategic Goals) ចំនួន១២, គោលបំណង (Objectives) ចំនួន១៨ ផ្នែកលទ្ធផលគន្លឹៈ (Key Result Areas) ២១ និងវិធានយុទ្ធសាស្ត្រ (Strategic Measures/Action Lines) ចំនួន១១៨ ដែលនៅក្នុងនោះមានសកម្មភាពយុទ្ធសាស្រ្តសហគមន៍សង្គម-វប្បធម៌អាស៊ានចំនួន៩៩ និងសកម្មភាពយុទ្ធសាស្រ្តឆ្លងសរសរស្តម្ភចំនួន១៩។
ជាជំហានបន្ទាប់ សេចក្តីព្រាងលើកទី១ ដែលជាលទ្ធផលនៃកិច្ចប្រជុំក្រុមការងារអាដហុកលើកទី៦នេះ នឹងត្រូវយកទៅពិភាក្សាបញ្ចប់នៅក្នុងកិច្ចប្រជុំក្រុមការងារអាដហុកលើកទី៧ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នៅថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៤។ សេចក្តីព្រាងចុងក្រោយនៃផែនការយុទ្ធសាស្រ្តនេះ នឹងត្រូវដាក់ជូនកិច្ចប្រជុំឧត្តមមន្រ្តីសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣៧ (37th SOCA Meeting) នៅទីក្រុងវៀងច័ន្ទ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ និងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣២ (32nd ASCC Council Meeting) នៅទីក្រុងវៀងច័ន្ទ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤៕

