មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតាកែវ៖ ក្នុងនាមជាកងទ័ពត្រូវមានស្មារតីស្នេហាជាតិ មាតុភូមិ និងប្រជាជន រក្សាសន្តិភាព ស្ថិរភាព ស្មោះត្រង់ដាច់ខាតឥតងាករេជាមួយរាជរដ្ឋាភិបាល

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងតាកែវ បានអញ្ជើញដឹកនាំកម្មវិធីអប់រំចិត្តសាស្ត្រ និងប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជាតិ អន្តរជាតិ ដល់នាយទាហាន នាយទាហានរង ពលទាហាន នៅបញ្ជាការ តំបន់ប្រតិបត្តិការសឹករងតាកែវ។
ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបញ្ជាក់បន្ថែមទៀតអំពីការអនុវត្តន៍នូវកម្មវិធី និងគម្រោងក្រោមក្របខណ្ឌ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ដែលជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជាក្នុងឆ្នាំ១៩៩៩ ដែលកាលនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីផលប្រយោជន៍នៃសន្តិភាព ការអភិវឌ្ឍន៍ និងសេដ្ឋកិច្ចសង្គមសម្រាប់ប្រជាជនយើង ពិសេសប្រជាជនដែលរស់នៅខេត្តជាប់ព្រំដែននៃប្រទេសទាំងបី។
ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងនាមជាកងទ័ពត្រូវមាន ស្មារតីស្នេហាជាតិ មាតុភូមិ និងប្រជាជន រក្សាសន្តិភាព ស្ថិរភាព ស្មោះត្រង់ដាច់ខាតឥតងាករេជាមួយរាជរដ្ឋាភិបាលគ្រប់តំណាក់កាល ត្រូវគោរពវិន័យ ក្រមសីលធម៌ កងយោធពលខេមរភូមិន្ទ ប្រកាន់ភ្ជាប់នូវតួនាទីភារកិច្ច ពង្រឹងបទវិន័យទូទៅ សណ្តាប់ធ្នាប់ និងអនុវត្តបទបញ្ជារបស់ថ្នាក់លើឱ្យបានទាន់ពេលវេលា ជាពិសេស ត្រូវស្មោះត្រង់ការពារ ជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាលស្របច្បាប់ និងប្រឆាំងដាច់ខាតចំពោះក្រុមជ្រុលនិយមមួយចំនួនដែលមាននិន្នាការប្រឆាំងនូវសុខសន្តិភាព៕

