មជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺ បង្កើនកម្រិតប្រកាសសម្រាប់ជំងឺអុតស្វា បន្ទាប់ពីមេរោគប្រភេទថ្មីនេះរកឃើញនៅស៊ុយអែត

ស្តុកខុល៖ មជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺ ឬហៅកាត់ថា ECDC នៅថ្ងៃសុក្រទី១៦សីហា បានបង្កើនកម្រិតហានិភ័យរបស់ខ្លួនសម្រាប់ជំងឺអុតស្វា មួយថ្ងៃបន្ទាប់ពីមន្ត្រីសុខាភិបាលពិភពលោក បានបញ្ជាក់ពីករណីនៃការឆ្លងជាមួយវីរុសប្រភេទថ្មីនៅក្នុងប្រទេសស៊ុយអែត ដែលជាករណីដំបូងគេនៅក្រៅទ្វីបអាហ្វ្រិក។
ប្រធានស្ថាប័នសុខភាពសាធារណៈរបស់សហភាពអឺរ៉ុប បានបញ្ជាក់ថា នឹងមានករណីនាំចូលបន្ថែមទៀតនៃប្រភេទជំងឺអុតស្វាថ្មីនៅក្នុងទ្វីបអឺរ៉ុបក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ទោះបីជាហានិភ័យនៃការឆ្លងនៅតែមានកម្រិតទាបក៏ដោយ។ ECDC កាលពីថ្ងៃសុក្របានបង្កើនការវាយតម្លៃកម្រិតហានិភ័យរបស់ខ្លួនសម្រាប់ជំងឺអុតស្វា ពីទាបទៅមធ្យមសម្រាប់ករណីដែលលេចចេញជាបណ្តើរៗនៅក្នុងប្លុក ហើយបានស្នើឱ្យប្រទេសនានារក្សាកម្រិតខ្ពស់នៃការយល់ដឹងក្នុងចំណោមអ្នកដំណើរដែលមកពីតំបន់រងផលប៉ះពាល់។
អង្គការសុខភាពពិភពលោក កាលពីថ្ងៃពុធបានប្រកាសថា ជំងឺអុតស្វាជាគ្រាអាសន្នសុខភាពសាធារណៈសកល ជាទម្រង់នៃការប្រកាសអាសន្នខ្ពស់បំផុតរបស់ខ្លួន បន្ទាប់ពីមានការផ្ទុះឡើងនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលបានរីករាលដាលដល់ប្រទេសជិតខាង។ ជំងឺអុតស្វា ជាការឆ្លងមេរោគដែលបណ្តាលឱ្យមានដំបៅពោរពេញដោយខ្ទុះ និងរោគសញ្ញាដូចជំងឺផ្តាសាយ ជាធម្មតាស្រាល ប៉ុន្តែអាចសម្លាប់បាន។ ឥឡូវនេះ មេរោគពីរប្រភេទកំពុងរីករាលដាលក្នុងប្រទេសកុងហ្គោ ដែលជាទម្រង់ឆ្លងនៃមេរោគ Clade I និងពន្លកថ្មីមួយឈ្មោះ Clade Ib។
ប៉ាគីស្ថាន ក៏បានបញ្ជាក់កាលពីថ្ងៃសុក្រអំពីករណីនៃមេរោគអុតស្វា នៅក្នុងអ្នកជំងឺដែលបានត្រឡប់មកពីប្រទេសឈូងសមុទ្ទ ទោះបីជាវាមិនច្បាស់ថា តើវាជាវ៉ារ្យ៉ង់ថ្មី ឬប្រភេទ clade ដែលបានរីករាលដាលទូទាំងពិភពលោកចាប់តាំងពីឆ្នាំ២០២២ ក៏ដោយ។ មន្ត្រីអង្គការសុខភាពពិភពលោក លោកស្រី ម៉ាហ្គារ៉េត ហារីស (Margaret Harris) បានអំពាវនាវលើប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃសុក្រថា លោកស្រីរំពឹងថា ករណីបន្ថែមទៀតនៅខាងក្រៅទ្វីបអាហ្រ្វិក នឹងលេចចេញក្នុងពេលឆាប់ៗនេះ ហើយក៏ជាលទ្ធផលនៃការត្រួតពិនិត្យកាន់តែខ្ពស់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អង្គការសុខភាពពិភពលោក បានណែនាំប្រឆាំងនឹងការរឹតបន្តឹងការធ្វើដំណើរណាមួយ ដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគនេះ៕

