ឯកឧត្តម វង ភិរុណ អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី កម្មវិធីប្រកួតប្រជែងផែនការអាជីវកម្ម (អាជីវកម្មខ្ញុំ) ឆ្នាំ២០២៤

ភ្នំពេញ៖ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នាយកដ្ឋានអភិវឌ្ឍកម្មវិធីយុវជន នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីបើកសិក្ខាសាលា ស្តីពី ប្រកួតប្រជែងផែនការអាជីវកម្ម ក្រោមអធិបតីភាព ឯកឧត្តម វង ភិរុណ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ធូ ភា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង នៅខេត្តបាត់ដំបង ដោយមានការចូលរួមពីឯកឧត្តមអគ្គនាយករងយុវជន ប្រធាន និងមន្រ្តី នៃនាយកដ្ឋានអភិវឌ្ឍកម្មវិធីយុវជន ប្រធានមន្ទីរ និងមន្រ្តីនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្រ្តី និងគ្រូដឹកនាំទាំង១៥ និងយុវជនកម្មវិធីចំនួន៩០នាក់ កន្ងនោះស្រី ៤៨នាក់ មកពីខេត្តចំនួន១៥។សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។
កម្មវិធីប្រកួតប្រជែងផែនការអជីវកម្ម ដែលមានឈ្មោះថា “អាជីវកម្មខ្ញុំ” បានរៀបចំឡើងក្នុងគោលបំណង ជួយដល់ការអភិវឌ្ឍសមត្ថភាពជំនាញ និងបំណិនសហគ្រិនភាព ដល់យុវជនជាសិស្ស ថ្នាក់ទី១០ និងទី១១។ កម្មវិធីនេះក៏បានជួយសម្រួចសមត្ថភាពវិជ្ជាជីវៈបែបសហគ្រិនភាព និងបំណិនសហគ្រិនជោគជ័យ បែបអនុវត្តជាក់ស្តែងដល់យុវជន ជាពិសេសការបណ្តុះបណ្តាលចំណេះដឹង និងការបង្កើតគំនិតថ្មីៗ លើបំណិនរៀបចំផែនការអាជីវកម្ម ដែលឆ្លើយតបទៅនឹង ការផ្លាស់ប្តូរបែបវិជ្ជមាន នៅ ក្នុងសង្គម និងតម្រូវការទីផ្សារការងារក្នុង បរិបថបដិវត្តន៍ឧស្សាហកម្ម៤.០ និងការអប់រំបែបឌីជីថល។
កម្មវិធីនេះមានការសហការឧបត្ថម្ភដោយ សហគ្រិនខ្មែរ សាកលវិទ្យាល័យជាតិគ្រប់គ្រង ធនាគារអេស៊ីលីដា ធនាគារវីង៕

