អភិបាលរងខេត្តបន្ទាយមានជ័យ អញ្ជើញផ្សព្វផ្សាយកម្មវិធីទូរសព្ទដៃ Nodrug ជាមួយសាសនា និងសហគមន៍

ភ្នំពេញ៖ លោក យឹម សំណាង អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយកម្មវិធីទូរស័ព្ទដៃ Nodrugនិងបារីអេឡិចត្រូនិកជាមួយព្រះសង្ឃ អាចារ្យ គណៈកម្មការ និងសហគមន៍ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យដែលបានប្រារព្ធធ្វើឡើង នៅវត្តគិរីជុំចម្ការខ្នុរ ស្ថិតក្នុងសង្កាត់អូរអំបិល ក្នុងគោលបំណងនៃវគ្គផ្សព្វផ្សាយនេះ គឺដើម្បីទទួលបាននូវសារអប់រំ ទាក់ទង ចំណេះដឹង ពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ហើយការទាញយកកម្មវិធីដែលហៅកាត់ថា Nodrug គឺមានន័យថា បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។
ព្រះសមណ:ញាន ណាប់ ម៉ឺន ព្រះបាឡាត់គណខេត្តនិងជាព្រះគ្រូចៅអធិការវត្ត គិរីជុំចម្ការខ្នុរ និងលោកវរសេនីយ៍ទោ ស្រី សារ៉ុម នាយការិយាល័យប្រឆាំងគ្រឿងញៀន មានសង្ឃដីកា និងលើកឡើងថា ប្រទេសជាតិដែលខ្លាំង គឺចាប់ផ្ដើមពីយើងម្នាក់ៗ ឡើងទៅហើយប្រទេសជាតិមួយដែលខ្លាំងគឺដោយសារតែសម្បូរប្រជាជនពូកែរៀន ពូកែអាន ឧស្សាហ៍ព្យាយាម មិនមែនពូកែផឹកស៊ីនិងប្រើប្រាស់ថ្នាំញៀនខុសច្បាប់នោះទេ អនុវត្តសម្រាប់ការទាញយកកម្មវិធីកម្មវិធី Nodrug គឺមានព័ត៌មានជាច្រើនទាក់ទងនឹងបញ្ហាគ្រឿងញៀន ហើយយើងរួមគ្នាទប់ស្កាត់ តែបើដឹងថាកន្លែងមានការជួញដូរ ចែកចាយនិងប្រើប្រាស់គ្រឿងញៀនត្រូវរាយការណ៍ឲ្យសមត្ថកិច្ច ដើម្បីខាងសមត្ថកិច្ចចុះស៊ើបអង្កេតនិងប្រតិបត្តិបង្រ្កាប។ មួយវិញទៀតចំពោះការប្រើប្រាស់បារី អេឡិចត្រូនិក ក៏ដូចជាស្លឹកកាធុម វាមានសារធាតុញៀនដែលធ្វើឲ្យប៉ះពាលដល់សុខភាពធ្ងន់ធ្ងរហើយថ្មីៗនេះ នៅក្រុងប៉ោយប៉ែតកន្លែងផលិតស្លឹកកាធុមត្រូវបានសមត្ថកិច្ចបង្រ្កាបផងដេរ។
ក្នុងឱកាសនោះដែរ លោក យឹម សំណាង អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា Nodrug គឺជាកម្មវិធីផ្តល់នូវការអប់រំពីផលប៉ះពាល់នៃ គ្រឿងញៀន ដែលជាក្ដីបារម្ភរបស់សង្គមជាតិ ទើបប្រកាសឱ្យទាញយកនៃការប្រើប្រាស់ជាផ្លូវការ កាលពីពេលថ្មីៗនេះ។
លោក អភិបាលរងខេត្ត បានបញ្ជាក់ថា កម្មវិធីទូរស័ព្ទដៃ Nodrug មានគោលបំណងដើម្បីទទួលបានការកម្សាន្តបែបអប់រំនិងព័ត៌មាននានាដែលពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនដើម្បីចូលរួមជាមួយសមត្ថកិច្ចតាមរយៈការរាយការណ៍អំពីព័ត៌មានដែលពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ហើយក៏មានការលាក់ការចំពោះអ្នកដែលបានរាយការណ៍ឲ្យសមត្ថកិច្ច ពីជនដែលប្រព្រឹត្តបទល្មើសគ្រឿងញៀនផងដែរ ដូចជាជួញដូរ ចែកចាយនិងប្រើប្រាស់គ្រឿងញៀនជាដើម ៕


