ដែនជម្រកសត្វព្រៃកែវសីមា ជាជម្រករបស់សត្វព្រៃជាង ១ពាន់ប្រភេទ

ភ្នំពេញ៖ លើសពីនេះ ដែនជម្រកសត្វព្រៃកែវសីមា ជាជម្រករបស់សត្វព្រៃជាង ១.០០០ប្រភេទ រួមមានប្រភេទសត្វកម្រៗ និងជិតផុតពូជដូចជា សត្វស្វាកន្ទុយស ដំរីអាស៊ី ក្ងោកបៃតង និងប្រភេទងាយរងគ្រោះជាច្រើនទៀតដូចជា ទោចថ្ពាល់លឿង ស្វាត្រោស ដែលត្រូវបានចាត់ថ្នាក់នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។
ដែនជម្រកសត្វព្រៃកែវសីមា មានផ្ទៃដីទំហំ ៣១៧.៤៥៦ហិកតា (យោងតាមអនុក្រឹត្យប្រព័ន្ធតំបន់ការពារធម្មជាតិ ឆ្នាំ២០២៣) មានទីតាំងស្ថិតនៅក្នុងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ភាគខាងកើតនៃប្រទេសកម្ពុជា។ ទីនេះជាទីតាំងមួយដ៏សំខាន់សម្រាប់ជីវចម្រុះ និងសហគមន៍ជនជាតិដើមភាគតិចព្នង ដែលមានជីវភាពរស់នៅ ជំនឿ វប្បធម៌ ប្រពៃណីផ្សាភ្ជាប់ជាមួយនឹងធនធានធម្មជាតិដ៏សំបូរបែបនៅក្នុងតំបន់។
ចំណែកអាកាសធាតុវិញ មានលក្ខណៈត្រជាក់ខ្លាំងនៅចន្លោះខែតុលា ដល់ខែមករា និងមានភ្លៀងធ្លាក់បង្គួរក្នុងកំឡុងខែកក្កដា ដល់ខែវិច្ឆិកា បង្កជាទស្សនីយភាពនិងបរិយាកាសត្រជាក់ស្រស់ស្រាយគួរជាទីចង់គយគន់។
គម្រោងរេដបូកកែវសីមាគឺជាគម្រោងទីមួយក្នុងប្រទេសកម្ពុជាដែលបានទទួលថវិកាតាមរយៈការលក់ឥណទានកាបូនក្នុងទីផ្សារអន្តរជាតិ ហើយថវិកាទាំងនេះបានយកទៅប្រើប្រាស់ក្នុងកិច្ចការងារអភិរក្សធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃកែវសីមា និងគាំទ្រដល់ការអភិវឌ្ឍសហគមន៍មូលដ្ឋាន ដោយមានក្រសួងបរិស្ថាន Ministry of Environment ជាម្ចាស់គម្រោង និងអនុវត្តដោយអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា WCS Cambodia។
ចូលរួមទាំងអស់គ្នាក្នុងកិច្ចការពារអភិរក្សសត្វព្រៃ និងព្រៃឈើដែលជាសម្បត្តិដ៏មហាសាលដែលបុព្វបុរសយើងបានបន្សល់ទុក ដើម្បីបន្តអោយកូនចៅជំនាន់ក្រោយបានស្គាល់និងទទួលបានផលប្រយោជន៍ពីធនធានធម្មជាតិទាំងនេះដូចយើងដែរ៕

