អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងឆុងឈីង សម្របសម្រួលបញ្ជូនស្ត្រីខ្មែរ ១រូប ដែលចូលប្រទេសចិន និងស្នាក់នៅហួសសុពលភាពទិដ្ឋាការ ឲ្យវិលត្រឡប់មកកម្ពុជាវិញ

ភ្នំពេញ៖ ឯកឧត្ដម វណ្ណ វិទ្យា អគ្គកុងស៊ុល នៃស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីង ប្រទេសចិន នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ បានទទួលជួបតំណាងនាយកដ្ឋានសន្តិសុខសាធារណៈខេត្តហ៊ូប៉េ ប្រទេសចិន ដើម្បីសម្របសម្រួលបញ្ជូនស្ត្រីខ្មែរ ១រូប ដែលចូលប្រទេសចិន និងស្នាក់នៅហួសសុពលភាពទិដ្ឋាការ ឲ្យវិលត្រឡប់មកកម្ពុជាវិញ ។
អគ្គកុងស៊ុល វណ្ណ វិទ្យា បានបង្ហោះតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ផ្លូវការ នាថ្ងៃទី៣១ កក្កដានេះ ថា «ប្អូនស្រីរូបនេះ បានទៅដល់កម្ពុជា ដោយសុវត្ថិភាពកាលពីរំលងអាធ្រាត យប់ថ្ងៃអង្គារ ទី៣០ ខែកក្កដា» ។
ឯកឧត្ដម វណ្ណ វិទ្យា ក៏បានបញ្ជាក់ថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីង ត្រៀមលក្ខណៈរួជាជាស្រេច ដើម្បីការពារផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ៕

