អ្នកនាំពាក្យក្រសួងការពារជាតិ៖ ឧទ្ធម្ភាចក្រ ដែលបានបាត់នៅជួរភ្នំក្រវាញ ត្រូវបានប្រទះឃើញ នៅចំណុចភ្នំយ៉ាវយ៉ៃ

ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ឲ្យដឹងមុននេះបន្តិចថា កម្លាំងចម្រុះ បានរកឃើញឧទ្ធម្ភាចក្រយោធា Z9 ដែលបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញហើយ បន្ទាប់ពីបើកប្រតិបត្តិការអស់រយៈពេល១៧ថ្ងៃ។
បើតាមហ្វេសប៊ុកផ្ទាល់ខ្លួន នាយឧត្ដមសេនីយ៍ ឈុំ សុជាតិ បានអះអាងយ៉ាងដូច្នេះថា «សូមជម្រាបជូនដំណឹងបឋមថា បន្ទាប់ពីបើកប្រតិបត្តិការរុករក អស់រយៈពេល១៧ថ្ងៃ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រតិបត្តិការរុករកបានប្រទះឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញ តាំងពីថ្ងៃទី១២ ខែកក្កដាហើយ។ ឧទ្ធម្ភាគចក្រនេះ ត្រូវបានប្រទះឃើញពីលើអាកាសនៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់ពីអាកាសធាតុអំណោយផល ខណៈពេលនេះ កម្លាំងថ្មើរជើងកំពុងទៅកាន់ទីនោះ។ សូមអរគុណ !» ។


