គោលការណ៍សន្តិភាពទាំង៥របស់ចិនបានដើរស្របជាមួយនឹងសេចក្តីប្រាថ្នាមនុស្សជាតិគ្រប់គ្នា

ភ្នំពេញ៖ លោកបណ្ឌិតជាមុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានលើកឡើងថា គោលការណ៍សន្តិភាពទាំង៥របស់ចិនបានដើរស្របជាមួយនឹងសេចក្តីប្រាថ្នាដែលត្រូវបានបង្កើតឡើងដោយមនុស្សជាតិគ្រប់គ្នា នោះគឺសន្តិភាព និងការអភិវឌ្ឍ។
ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិន នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៤នេះ លោកបណ្ឌិតជាមុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានមានប្រសាសន៍ថា គោលការណ៍សន្តិភាពទាំង៥៖
1. ការគោរពគ្នាទៅវិញទៅមកចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាព 2. ការមិនឈ្លានពាន
3. ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក 4. ការគោរពនិងផ្តល់តម្លៃចំពោះសមភាព និងផលប្រយោជន៍ទៅវិញទៅមក និងទី5. ការរួមរស់ដោយសន្តិភាព និងសុខដុមនីយកម្ម។
លោកបញ្ឌិតបញ្ជាក់ថា ៖ « ក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវ ខ្ញុំយល់ថា គោលការណ៍ទាំង៥នេះជាមូលដ្ឋានដ៏រឹងមាំសម្រាប់ជាបន្ទាត់យ៉ាងច្បាស់លាស់នៅក្នុងគោលនយោបាយការទូតរបស់ប្រទេសចិន ដែលដើរស្របជាមួយនឹងសេចក្តីប្រាថ្នាដែលត្រូវបានបង្កើតឡើងដោយមនុស្សជាតិគ្រប់គ្នា នោះគឺសន្តិភាព និងការអភិវឌ្ឍ។ យ៉ាងណាមិញ គោលដៅនេះគឺនៅមិនឆ្ងាយពីមនុស្សជាតិនោះឡើយ ប្រសិនជាមនុស្សជាតិជ្រោងទង់នៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិស្របតាមប្រាជ្ញាចិនដែលបានផ្តួចផ្តើមឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិនដែលពោរពេញដោយឧត្តមគតិសកលឈរយ៉ាងរឹងមាំលើទម្រនៃគោលការណ៍សន្តិភាពទាំង៥នេះ។»
លោកបណ្ឌិតជាមុនីឫទ្ធិបញ្ជាក់បន្ថែមថា ប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសដែលស្នេហាសន្តិភាព កម្ពុជាបានឈរយ៉ាងរឹងមាំលើទម្រនៃគោលការណ៍សន្តិភាពទាំង៥ដូចប្រទេសចិន និងដូចបណ្តាប្រទេសជាច្រើនបាននិងកំពុងរួមកម្លាំងគ្នាថែរក្សាសន្តិភាព។ កម្ពុជានិងចិនរួមជាមួយបណ្តាប្រទេសនានាបានបន្តលើកតម្កើងស្មារតីនៃគោលការណ៍សន្តិភាពទាំង៥ដែលមានអាយុចំណាស់៧០ឆ្នាំនេះក្លាយជាខ្លឹមសាររួមនៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិដោយបាននិងកំពុងផ្តល់ផលប្រយោជន៍មហិមាដល់មនុស្សជាតិដូចទៅនឹងរសជាតិសន្តិភាពដែលប្រជាជនកម្ពុជានាសករាជតេជោបាននិងកំពុងភ្លក្ស ព្រមទាំងអរគុណសន្តិភាពដក់ជាប់ក្នុងក្រអៅបេះដូង៕
