ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន១០គ្រួសារ បានទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកឈូក

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ លោកស្រី ស៊ូ នីន ប្រធានគណៈម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកឈូក និងសហការី ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន១០គ្រួសារ រស់នៅក្នុងឃុំចំនួនពីរនៃស្រុកឈូក រួមមានឃុំត្រមែង និងឃុំក្រាំងស្បូវ។
នាឱកាសនោះ លោកស្រី ប្រធានគណៈកម្មាធិការអនុសាខា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសាររងគ្រោះដោយក្តីនឹករឭកបំផុត និងចូលរួមសោកស្តាយដែលគ្រោះធម្មជាតិធ្វើឱ្យខូចខាតផ្ទះសំបែង របស់បងប្អូនដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយពោលគឺទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅពេលដែលមានភ្លៀងធ្លាក់សូមមេត្តាប្រុងប្រយ័ត្ន ផ្គររន្ទះ និងកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស់ស្ទីក ប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង ។
អំណោយផ្តល់ជូនរួមមាន៖- អង្ករ ២៥គីឡូក្រាម- មី ១កេស- ត្រីខ ១០កំប៉ុង- ទឹកត្រី ១យួរ- ថវិកា ៥ម៉ឺនរៀលផងដែរ៕

