ប្រមុខរាជរដ្ឋាភិបាល ថ្លែងអំណរគុណសប្បុរសជន ដែលបានចូលរួមឧបត្ថម្ភ និងកសាងផ្ទះជូនអតីតយុទ្ធជន

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួមចំណែកក្នុងការឧបត្ថម្ភ និងកសាងផ្ទះជូនអតីតយុទ្ធជន ព្រមទាំងអរគុណទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលបន្ដគៀរគរសប្បុរសជន សម្រាប់ការចូលរួមលើកិច្ចការងារអតីតយុទ្ធជន។
ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៤ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «អ៊ឹចឹងខ្ញុំអរគុណណាស់ចំពោះសប្បុរសជន ដែលបានចូលអម្បិញមិញ ហើយខ្ញុំឱ្យឯកឧត្តម គន់ គីម ហើយអរគុណណាស់ដែលបានចលនាផ្ទះបន្ត ខ្ញុំពិតជាមានមោទនភាពណាស់បានចុះទៅគិតគូរ ចុះទៅចូលរួមក្នុងការចែកផ្ទះ ចុះឃើញគម្រោងកំពុងអភិវឌ្ឍន៍នូវផ្ទះជាច្រើនដែលបានពីការចូលរួមរបស់រាជរដ្ឋាភិបាល បូកជាមួយនឹងសប្បុរសជននានា ជូនអតីតយុទ្ធជននៅតាមបណ្តាខេត្ត»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ជាមួយនឹងកិច្ចការងារយកចិត្តទុកចំពោះអតីតយុទ្ធជន សម្តេចបានចុះដោយផ្ទាល់នៅតាមទីតាំងជាច្រើនដែលសមាគមន៍អតីតយុទ្ធជនបានរៀបចំធ្វើផ្ទះសម្រាប់ស្នាក់ជូនពួកគាត់រួមមាន នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ, ខេត្តបាត់ដំបង ព្រមទាំងទីតាំងផ្សេងទៀតជាដើម។ ជាមួយនឹងការចុះជួបអ៊ុំ ពូ មីង ជាអតីតយុទ្ធជននេះ សម្តេចបានមើលឃើញ និងមានមោទនភាព គឺបានឃើញអតីតកងទ័ពដែលធ្លាប់ច្បាំងគ្នា ប៉ុន្តែ ពួកគាត់អាចរស់នៅក្នុងមូលដ្ឋានជាមួយគ្នាដោយសុខសប្បាយ ក្រោមដំបូលនៃសន្តិភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា យើងមានមោទនភាព មិនត្រឹមតែបានជួយរៀបចំផ្ទះសម្បែងឱ្យអតីតយុទ្ធជន បានស្នាក់នៅសមរម្យនោះទេ ប៉ុន្តែ រាជរដ្ឋាភិបាលបានបង្កើតភូមិមួយ គឺ «ភូមិសន្តិភាព» ដែលអតីតខ្មែរយើងធ្លាប់កាប់សម្លាប់គ្នាឯងដោយសារតែសង្គ្រាមស៉ីវិល តែអាចមកអង្គុយជាមួយគ្នា រស់នៅជាមួយគ្នាភូមិផងរបងជាមួយគ្នា បង្កើតភូមិថ្មីជាមួយគ្នានេះ ជាមោទនភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមនយោបាយឈ្នះឈ្នះ ៕

