ក្លោងទ្វារដីឆ្នាំង ឬខ្លោងទ្វារខាងជើង នៃក្រុងអង្គរធំត្រូវបានគេប្រើប្រាស់សម្រាប់ក្រុមបព្វជិតមកពីទីជិតឆ្ងាយដង្ហែក្បួនព្យុហយាត្រាចូលមករាជធានី ដើម្បីគាល់ព្រះមហាក្សត្រ

ភ្នំពេញ៖ ក្លោងទ្វារដីឆ្នាំង ឬខ្លោងទ្វារខាងជើង នៃក្រុងអង្គរធំត្រូវបានគេប្រើប្រាស់សម្រាប់ក្រុមបព្វជិតមកពីទីជិតឆ្ងាយដង្ហែក្បួនព្យុហយាត្រាចូលមករាជធានី ដើម្បីគាល់ព្រះមហាក្សត្រ ក្នុងគោលបំណងសូមសេចក្តីប្រទានទោសដល់អ្នកមានកំហុសបន្តិចបន្តួច ដែលកំពុងជាប់ឃុំឃាំងនៅក្នុងបរិវេណរាជធានី ដើម្បីនាំយកពួកគេទៅអប់រំសារជាថ្មីឡើងវិញ។ នេះបើយោងតាមហ្វេសប៊ុកមន្ទីរទេសចរណ៍ខេត្តសៀមរាប។ ប្រពៃណីបែបនេះនៅតែបន្តរហូតដល់បច្ចុប្បន្ន ដោយព្រះមហាក្សត្រនៅតែមានព្រះរាជសិទ្ធិស្នើសុំឱ្យរាជរដ្ឋាភិបាលនិងតុលាការលើកលែងទោសចំពោះអ្នកមានទោសស្រាលធ្ងន់ ដែលជាប់ឃុំឃាំង ដើម្បីទទួលបាននូវការសម្រាលទោសជាបន្តបន្ទាប់ រហូតត្រូវបានគេដោះលែងឱ្យមានសេរីភាព អាស្រ័យទៅតាមប្រភេទនៃទោសកំហុសរបស់ពួកគេម្នាក់ៗ។ ខ្លោងទ្វារនេះត្រូវបានគេដាក់ឈ្មោះថា ខ្លោងទ្វារដីឆ្នាំង ព្រោះអ្នកស្រុកសម័យក្រោយយល់ថានៅមុំបរិវេណខ្លោងទ្វារនេះសម្បូរទៅដោយដីឥដ្ឋសម្រាប់យកមកធ្វើជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃដូចជា ចាន ឆ្នាំង និងក្អមជាដើម៕

