អាមេរិក-កូរ៉េខាងត្បូង នឹងធ្វើសមយុទ្ធឆ្លើយតប អាវុធប្រល័យលោកនៅរដូវក្ដៅនេះ

សេអ៊ូល៖ សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង បានពិភាក្សាគ្នាអំពីយុទ្ធសាស្ត្ររបស់ពួកគេប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង កាលពីថ្ងៃចន្ទទី១០មិថុនា ដោយយល់ព្រមធ្វើសមយុទ្ធឆ្លើយតបចំពោះការវាយប្រហារនុយក្លេអ៊ែរនៅរដូវក្ដៅនេះ។
ក្រុមប្រឹក្សានុយក្លេអ៊ែរ (NCG) បានបញ្ចប់គោលការណ៍ណែនាំដែលបង្ហាញពីការឆ្លើយតបរបស់ប្រទេសសម្ព័ន្ធមិត្តទាំង២ ចំពោះការគំរាមកំហែងអាវុធនុយក្លេអ៊ែរពីកូរ៉េខាងជើង ដោយផ្តល់នូវគោលការណ៍ និងនីតិវិធីសម្រាប់សម្ព័ន្ធដើម្បីរក្សា និងពង្រឹងគោលនយោបាយ និងជំហរទប់ស្កាត់នុយក្លេអ៊ែរដ៏គួរឱ្យជឿជាក់ និងមានប្រសិទ្ធភាព។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមពីកិច្ចប្រជុំ។ គោលការណ៍ណែនាំនេះ គូសបញ្ជាក់អំពីផែនការប្រតិបត្តិការសម្រាប់ដាក់ពង្រាយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់អាម៉េរិក ព្រមទាំងផែនការសម្រាប់សហរដ្ឋអាម៉េរិកក្នុងការចែករំលែកព័ត៌មាន និងពិគ្រោះយោបល់ជាមួយភាគីកូរ៉េខាងត្បូង។ សមយុទ្ធរួមគ្នារវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង នារដូវក្ដៅ នឹងផ្តល់ឱកាសសម្រាប់ប្រទេសទាំងពីក្នុងការសាកល្បងយុទ្ធសាស្ត្រថ្មី។ សមយុទ្ធកន្លងមកផ្តោតលើប្រព័ន្ធអ័ក្សបីដូចជា ការវាយប្រហារទុកជាមុនប្រឆាំងនឹងទ្រព្យសម្បត្តិមីស៊ីលរបស់កូរ៉េខាងជើង ការស្ទាក់ចាប់មីស៊ីលត្រូវបានបាញ់ និងការឆ្លើយតប។
ក្រុមប្រឹក្សានុយក្លេអ៊ែរ ត្រូវបានបង្កើតឡើងកាលពីឆ្នាំមុន ដើម្បីជួយសម្រួលដល់ការចូលរួមរបស់កូរ៉េខាងត្បូង ជាមួយប្រតិបត្តិការនុយក្លេអ៊ែររបស់សហរដ្ឋអាម៉េរិក។ ខណៈកូរ៉េខាងជើងកំពុងអភិវឌ្ឍអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ កូរ៉េខាងត្បូងចង់បង្កើតកិច្ចសន្ទនាជាផ្លូវការសម្រាប់ប្រតិបត្តិការនុយក្លេអ៊ែរ ដើម្បីឱ្យសម្ព័ន្ធភាពរបស់ខ្លួនជាមួយសហរដ្ឋអាម៉េរិកបន្តដំណើរការដោយមិនគិតពីនរណាដឹកនាំរដ្ឋាភិបាលរបស់ពួកគេ។ ចាប់តាំងពីឆ្នាំ២០២២មក ប្រទេសប្រដាប់ដោយអាវុធប្រល័យលោកកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លី ជាផ្នែកមួយនៃសមយុទ្ធវាយប្រហារនុយក្លេអ៊ែរប្រឆាំងនឹងកូរ៉េខាងត្បូង។
ការជជែកដេញដោលគ្នាថា តើត្រូវដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅព្រំដែនខណ្ឌចែកបងប្អូនកូរ៉េទាំង២ សម្រាប់ឥទ្ធិពលរារាំងបានឈានដល់ចំណុចក្ដៅនៅក្នុងវិស័យនយោបាយ និងការសិក្សារបស់ប្រទេសកូរ៉េខាងត្បូង។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានប្រកាន់ជំហរប្រឆាំងនឹងការបង្កើតការទប់ស្កាត់នុយក្លេអ៊ែរនៅលើទឹកដីកូរ៉េខាងត្បូង ដោយហេតុផលថា វានឹងបំពានលើសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ។ ផ្ទុយទៅវិញ លោក យូន បានពង្រឹងសម្ព័ន្ធភាពជាមួយសហរដ្ឋអាម៉េរិកកាន់តែរឹងមាំ ដើម្បីធានាថា សហរដ្ឋអាម៉េរិកនឹងអនុវត្តតាមកាតព្វកិច្ចរបស់ខ្លួន ដើម្បីការពារកូរ៉េខាងត្បូង។ ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនេះ កូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក បានបង្កើតក្រុមប្រឹក្សានុយក្លេអ៊ែរ ជាយន្តការមួយសម្រាប់អនុញ្ញាតឱ្យរដ្ឋធានីសេអ៊ូល អាចដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាម៉េរិក។
គួរបញ្ជាក់ថា កិច្ចប្រជុំពីរដំបូងនៃក្រុមប្រឹក្សានុយក្លេអ៊ែរ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៣ ត្រូវបានដឹកនាំដោយមន្ត្រីសន្តិសុខជាតិជាន់ខ្ពស់មកពីសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង។ កិច្ចប្រជុំលើកទីបីដែលបានធ្វើឡើងកាលពីថ្ងៃចន្ទ ត្រូវបានដឹកនាំដោយមន្ត្រីការពារជាតិជាន់ខ្ពស់ និងផ្តោតលើផែនការប្រតិបត្តិការជាក់លាក់។ កិច្ចប្រជុំលើកទីបួន នឹងត្រូវធ្វើឡើងនៅចុងឆ្នាំនេះនៅសហរដ្ឋអាម៉េរិក។

