ព្រះចៅអធិរាជជប៉ុន នឹងយាងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃ នៅចក្រភពអង់គ្លេស

ជប៉ុន៖ នៅថ្ងៃអង្គារនេះ ព្រះរាជវាំង Buckingham បានប្រកាសថា ព្រះចៅអធិរាជជប៉ុន Naruhito និងព្រះមហេសី Masako នឹងយាងមកបំពេញទស្សនកិច្ច នៅចក្រភពអង់គ្លេស អំឡុងចុងខែមិថុនានេះ ដោយទ្រង់ទាំងពីរនឹងចំណាយពេល៣ថ្ងៃ ធ្វើជាភ្ញៀវកិត្តិយសរបស់ព្រះមហាក្សត្រអង់គ្លេស ស្តេច Charles III។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤។
ព្រះចៅអធិរាជជប៉ុន រួមជាមួយព្រះមហេសី នឹងយាងទៅដល់អង់គ្លេសនៅថ្ងៃទី២២ ខែមិថុនា ប៉ុន្តែនឹងចំណាយពេល៣ថ្ងៃ ស្ថិតក្នុងដំណើរទស្សនកិច្ចលក្ខណៈឯកជន ប៉ុន្តែចាប់ផ្តើមព្រះរាជទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី២៥ ដល់ទី២៧ ខែមិថុនា។
ព្រះចៅអធិរាជ Naruhito ដែលមានព្រះជន្ម៦៤ព្រះវស្សា នឹងយាងជួបជាមួយព្រះអង្គ Charles ព្រមទាំងមហេសីទ្រង់ Camilla ហើយនិងជាមួយ ព្រះបុត្រាច្បងរបស់ទ្រង់ ដែលជារជ្ជទាយាទចក្រភពអង់គ្លេស គឺព្រះអង្គម្ចាស់ William រួមទាំងសមាជិកដទៃទៀតនៃសែរាជវង្សអង់គ្លេស។ វាគឺជាដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋដំបូងបំផុតរបស់ជប៉ុន មកកាន់ចក្រភពអង់គ្លេស គិតក្នុងរយៈពេលជាង ២ទសវត្សរ៍។
ដំណើរទស្សនកិច្ចនេះទៀតសោត នឹងជាការបំពេញព្រះរាជទស្សនកិច្ចផ្លូវការលើកទី២ហើយ របស់ព្រះចៅអធិរាជ Naruhito គិតចាប់តាំងពីទ្រង់ បានឡើងសោយរាជ្យ កាលពីឆ្នាំ២០១៩ ក្រោយការធ្វើព្រះរាជទស្សនកិច្ច ទៅកាន់ប្រទេសឥណ្ឌូណេស៉ី កាលពីឆ្នាំមុន។ កាលពីខែកញ្ញា ឆ្នាំ២០២២ ព្រះចៅអធិរាជ Naruhito និងព្រះមហេសី ក៏បានយាងមកកាន់ចក្រភពអង់គ្លេស ដើម្បីចូលរួមព្រះរាជពិធីបុណ្យសពរបស់ មហាក្សត្រីយ៍ Elizabeth II ផងដែរ។
សូមជម្រាបថា មហាក្សត្រីយ៍ Elizabeth ដែលសោយរាជ្យតាំងតែពីឆ្នាំ១៩៥២ ធ្លាប់ទទួលស្វាគមន៍ ដំណើរទស្សនកិច្ចផ្លូវរដ្ឋចំនួន២របស់ ជប៉ុន អំឡុងរជ្ជកាលរបស់ទ្រង់ គឺរួមមានព្រះចៅអធិរាជជប៉ុន Hirohito នៅឆ្នាំ១៩៧១ និងបុត្រាច្បងរបស់ទ្រង់ គឺព្រះចៅអធិរាជ Akihito នៅឆ្នាំ១៩៩៨ ដែលទ្រង់ត្រូវជា ព្រះបិតារបស់ ព្រះចៅអធិរាជបច្ចុប្បន្ន។ ដោយឡែក គិតត្រឹមពេលនេះ ព្រះអង្គ Charles ដែលមានព្រះជន្ម ៧៥ព្រះវស្សា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចផ្លូវរដ្ឋសរុបចំនួន២ គឺមួយធ្វើឡើងដោយប្រធានាធីបតីអាហ្រ្វិកខាងត្បូង កាលពីឆ្នាំ២០២២ និងមួយទៀតដោយប្រធានាធិបតីកូរ៉េខាងត្បូង កាលពីឆ្នាំមុន។
