ប្រមុខការពារជាតិចិន ចោទការគាំទ្ររបស់អាមេរិកលើតៃវ៉ាន់ និងហ្វីលីពីន បង្កជាបញ្ហាសម្រាប់សន្តិភាពក្នុងតំបន់

សិង្ហបុរី៖ រដ្ឋមន្ត្រីការពារជាតិរបស់មហាយក្សចិន លោក ដុង ជុន កាលពីថ្ងៃទី២ ខែមិថុនា បានទទួលស្គាល់ពីសារសំខាន់នៃទំនាក់ទំនងយោធា និងយោធា ដែលទើបនឹងបន្តឡើងវិញជាមួយសហរដ្ឋអាម៉េរិក ស្របពេលដែលលោកចោទប្រកាន់រដ្ឋធានីវ៉ាស៊ីនតោន ថាបានបង្កបញ្ហាជាមួយនឹងការគាំទ្ររបស់ខ្លួនសម្រាប់កោះតៃវ៉ាន់ និងហ្វីលីពីន ធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោក ដុង បានប្រាប់វេទិកាការពារជាតិ Shangri-La នៅប្រទេសសិង្ហបុរី តាមរយៈអ្នកបកប្រែថា៖«យើងនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ នាំយកជម្លោះភូមិសាស្ត្រនយោបាយ ឬសង្រ្គាមណាមួយ មិនថាក្ដៅ ឬត្រជាក់ មកក្នុងតំបន់របស់យើងនោះទេ»។ លោកបានបន្ថែមថា៖«យើងនឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយ ឬកម្លាំងណាមួយ បង្កើតជម្លោះ និងភាពចលាចលក្នុងតំបន់របស់យើងឡើយ»។ បន្ថែមពីនោះ លោក ដុង បានទទូចថា៖«វប្បធម៌យុទ្ធសាស្ត្ររបស់ប្រទេសចិន ត្រូវបានបោះយុថ្កានៅក្នុងសេចក្តីស្រឡាញ់សកល និងមិនឈ្លានពាន»។ លោក ដុង បានចោទប្រកាន់ហ្វីលីពីនថា មានចេតនាបង្ករឿង ដោយបានចូលដៃនឹងមហាអំណាចខាងក្រៅ។
លោកលើកឡើងថា៖«ប្រទេសចិនបានទទួលស្គាល់ការអត់ធ្មត់យ៉ាងខ្លាំង ចំពោះមុខការរំលោភបំពាន និងការបង្កហេតុបែបនេះ។ ប៉ុន្តែមានកម្រិតចំពោះការអត់ធ្មត់របស់យើង»។
លោក ដុង អះអាងថា ប្រទេសចិននៅតែបើកចំហចំពោះការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការជាមួយយោធាអាម៉េរិក ប៉ុន្តែបានបន្ថែមថា នេះតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងពីភាគីទាំងពីរ។ លោកបានចោទប្រកាន់សហរដ្ឋអាម៉េរិកពីការពង្រឹងរដ្ឋាភិបាលថ្មីរបស់កោះតៃវ៉ាន់ ដែលបដិសេធមិនទទួលយកការទទូចរបស់រដ្ឋធានីប៉េកាំងដែលថាកោះនេះ ជាផ្នែកមួយនៃប្រទេសចិន។ រដ្ឋមន្ត្រីការពារជាតិមហាយក្សចិនដដែលបន្តថា៖«យើងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ឯករាជ្យភាពរបស់តៃវ៉ាន់ និងធ្វើឱ្យប្រាកដថា ផែនការបែបនេះមិនទទួលបានជោគជ័យ។ នរណាដែលហ៊ានបំបែកតៃវ៉ាន់ចេញពីចិន នឹងត្រូវបញ្ចប់ដោយការបំផ្លាញខ្លួនឯង»។
យក្សអាស៊ីចិន បានអះអាងកាន់តែខ្លាំងឡើងក្នុងការជំរុញទាមទារស្ទើរតែសមុទ្រចិនខាងត្បូងទាំងមូល ជាផ្លូវដឹកជញ្ជូនសកលដ៏សំខាន់ នាំឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ ជាពិសេសជាមួយហ្វីលីពីន ដែលនាវារបស់ពួកគេត្រូវបានរំខាន ឬធ្វើទុកបុកម្នេញដោយនាវាចិន។ ការគំរាមកំហែងដល់ប្រទេសហ្វីលីពីន បានកើនឡើងយ៉ាងឆាប់រហ័សចាប់តាំងពីលោក ហ្វឺឌីណាន់ ម៉ាកូស ចូលកាន់តំណែងក្នុងឆ្នាំ២០២២។ ចាប់តាំងពីអរិភាពទឹកដីជាមួយចិនបានកើនឡើងកាលពីឆ្នាំមុន នៅក្នុងសមុទ្រចិនខាងត្បូង រដ្ឋបាលរបស់លោក ម៉ាកូស បានចាត់វិធានការដើម្បីបង្កើតសម្ព័ន្ធភាពសន្តិសុខថ្មីជាមួយបណ្តាប្រទេសអាស៊ី និងលោកខាងលិចមួយចំនួន ហើយបានអនុញ្ញាតឱ្យមានវត្តមានយោធាដ៏ធំរបស់សហរដ្ឋអាម៉េរិក នៅក្នុងមូលដ្ឋានហ្វីលីពីនបន្ថែមទៀតនៅក្រោមកតិកាសញ្ញាការពារជាតិឆ្នាំ២០១៤។
នៅក្នុងវេទិកាជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន (Lloyd Austin) កាលពីថ្ងៃទី១មិថុនា បាននិយាយថា៖«ការគាំទ្ររបស់អាម៉េរិកសម្រាប់ហ្វីលីពីន គឺដូចវាំងននដែកហើយបានសរសើរសុន្ទរកថា កាលពីថ្ងៃសុក្រសប្តាហ៍មុនរបស់លោក ម៉ាកូស នៅក្នុងវេទិកាថា ជាសេចក្តីថ្លែងការណ៍ដ៏មានឥទ្ធិពលអំពីរបៀបដែលហ្វីលីពីនកំពុងឈរឡើង សម្រាប់សិទ្ធិអធិបតេយ្យភាពរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ»។ លោក អូស្ទីន ក៏បានសង្កត់ធ្ងន់ផងដែរអំពីសារសំខាន់នៃការបន្តទំនាក់ទំនងយោធាទៅយោធារវាងប្រទេសចិន និងសហរដ្ឋអាម៉េរិក ដើម្បីជៀសវាងការយល់ខុស និងការពារការគណនាខុស។ លោកបានថ្លែងថា៖ «មានរឿងមួយចំនួនដែលអាចកើតឡើងនៅសមុទ្រ ឬលើអាកាស យើងទទួលស្គាល់រឿងនោះ។ ប៉ុន្តែគោលដៅរបស់យើង គឺធ្វើឱ្យប្រាកដថា យើងមិនអនុញ្ញាតឱ្យអ្វីៗធ្លាក់ចេញពីការគ្រប់គ្រងដោយមិនចាំបាច់នោះទេ»។
លោក ដុង គឺជាអតីតមេបញ្ជាការកងទ័ពជើងទឹកត្រូវបានតែងតាំងកាលពីចុងខែធ្នូឆ្នាំមុន បន្ទាប់ពីអ្នកស្នងតំណែងមុន គឺលោក លី ស៊ាងហ្វូ (Li Shangfu) ត្រូវបានដកចេញពីតំណែងភ្លាមៗ។ លោក ដុង បានជួបជាមួយលោក អូស្ទីន កាលពីថ្ងៃសុក្រនៅខាងក្រៅវេទិកាប្រទេសសិង្ហបុរី ដែលជាកិច្ចពិភាក្សាផ្ទាល់លើកដំបូងរវាងមន្ត្រីការពារជាតិកំពូលរបស់ចិន និងអាម៉េរិក ចាប់តាំងពីទំនាក់ទំនងរវាងយោធានៃប្រទេសទាំងពីរបានបែកបាក់ក្នុងឆ្នាំ២០២២ បន្ទាប់ពីប្រធានសភាសហរដ្ឋអាម៉េរិក ពេលនោះ គឺលោកស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) បានធ្វើទស្សនកិច្ចនៅតៃវ៉ាន់ ដោយធ្វើឱ្យរដ្ឋធានីប៉េកាំងក្ដៅស្លឹកត្រចៀក៕

