អ្នកជំនាញសេដ្ឋកិច្ច ព្រមានថា បំណុលសាធារណៈរបស់ថៃជិតដល់កម្រិតគ្រោះថ្នាក់

បាងកក៖ នៅថ្ងៃទី៣០ ខែឧសភា អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងពីក្តីបារម្ភថា បំណុលសាធារណៈរបស់ប្រទេសថៃឈានជិតដល់កម្រិតមួយដែលអាចគំរាមកំហែងដល់ស្ថិរភាពសារពើពន្ធរបស់ប្រទេស។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃThe Nation។
លោក ណូណារិទ្ធ ប៊ីសន់យ៉ាប៊ុត (Nonarit Bisonyabut) អ្នកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ប្រទេសថៃ បានសម្ដែងការព្រួយបារម្ភអំពីការប៉ាន់ប្រមាណចុងក្រោយបំផុតនៃកម្រិតបំណុលសាធារណៈនៅឆ្នាំ២០២៧ ដែលឈរនៅ ៦៨,៩ភាគរយ។
លោកបានបន្តថា ស្ថានភាពនេះគួរឱ្យបារម្ភខ្លាំងណាស់ ព្រោះពិដានបំណុលសាធារណៈត្រូវបានកំណត់ដោយច្បាប់ត្រឹម៧០ភាគរយប៉ុណ្ណោះ។
លោកបានពន្យល់ថា បំណុលសាធារណៈ ប៉ះពាល់ដល់ចំណាត់ថ្នាក់ឥណទានរបស់ប្រទេស ដែលរាជរដ្ឋាភិបាលពឹងផ្អែកលើប្រាក់កម្ចី និងសម្រាប់ដោះស្រាយវិបត្តិសេដ្ឋកិច្ច។
លោក ណូណារិទ្ធ ប៊ីសន់យ៉ាប៊ុត បានបន្ថែមថា ទោះបីជាកម្រិតបំណុលអាចត្រូវបានដំឡើងក៏ដោយ បំណុលសាធារណៈខ្ពស់មានន័យថា យើងត្រូវចំណាយថវិកាបន្ថែមទៀតសម្រាប់ការទូទាត់ការប្រាក់លើបំណុល ជំនួសឱ្យការប្រើប្រាស់ប្រាក់ដើម្បីផ្តល់មូលនិធិដល់ការអភិវឌ្ឍប្រទេស។
បំណុលសាធារណៈបានកើនឡើងពី៤១ ទៅ ៤២ភាគរយ ក្នុងឆ្នាំ២០១៩ ដល់ ៦២,៤ភាគរយក្នុងឆ្នាំ២០២៣ ដែលត្រូវបានជំរុញដោយវិធានការសង្គ្រោះរបស់រាជរដ្ឋាភិបាលក្នុងអំឡុងពេលជំងឺរាតត្បាត។
អ្នកសេដ្ឋកិច្ចរូបនេះបន្ថែមថា ផែនការរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃក្នុងការខ្ចីប្រាក់ចំនួន ៥០០ពាន់លានបាត ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងកាបូបឌីជីថលដ៏ចម្រូងចម្រាសរបស់ខ្លួន នឹងជួយរុញបំណុលសាធារណៈឱ្យជិតដល់កម្រិតកំពូល។
លោក ណូណារិទ្ធ ប៊ីសន់យ៉ាប៊ុត បានលើកឡើងថា ខណៈពេលដែលរាជរដ្ឋាភិបាលជាធម្មតាស្វែងរកការកាត់បន្ថយបំណុលសាធារណៈ ដើម្បីបង្កើនស្ថិរភាពសារពើពន្ធ រដ្ឋបាលបច្ចុប្បន្នកំពុងផ្តោតលើវិធានការជំរុញរយៈពេលខ្លីដែលទាមទារឱ្យមានការបង្វិលបំណុល។
លោកបានអត្ថាធិប្បាយថា ចំណាត់ការនេះនឹងធ្វើឱ្យស្ថិរភាពសារពើពន្ធកាន់តែអាក្រក់ ដោយពន្យល់ថា រាជរដ្ឋាភិបាលនឹងត្រូវបង់អត្រាការប្រាក់ខ្ពស់ជាងមុន ដើម្បីរំកិលប្រាក់កម្ចីសម្រាប់ការជំរុញសេដ្ឋកិច្ចរយៈពេលខ្លី។
លោកបានជំរុញឱ្យរាជរដ្ឋាភិបាលពិនិត្យឡើងវិញនូវវិធានការជំរុញរយៈពេលខ្លីរបស់ខ្លួន ហើយផ្តោតលើផែនការរយៈពេលវែងជំនួសវិញ ដើម្បីរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ។
លោកបានបញ្ជាក់ថា នេះគួរតែពាក់ព័ន្ធនឹងការកាត់បន្ថយការចំណាយសាធារណៈ កំណែទម្រង់ពន្ធ និងការកាត់បន្ថយពិដានបំណុលសាធារណៈមកត្រឹម៦០ភាគរយ។

