កុមារម្នាក់ដួលម៉ូតូទង្គិចនឹងធាងត្នោតដាច់សរសៃ ក បណ្តាលឱ្យហូរឈាមខ្សោះពីខ្លួន ត្រូវបានក្រុមគ្រូពេទ្យគន្ធបុប្ផា ជួយសង្រ្គោះជីវិតបានជោគជ័យ

ភ្នំពេញ៖ កុមារអាយុ១១ ឆ្នាំម្នាក់មកពីខេត្តស្វាយរៀងបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយរងរបួសធ្ងន់ធ្ងរបន្ទាប់ពីប៉ះទង្គិតជាមួយ និងធាងត្នោបណ្តាលឱ្យដាច់សរសៃឈាមវែននៅតំបន់បំពង់ក ធ្វើឱ្យហូរឈាមអស់ស្ទើរតែខ្សោះអស់ពីខ្លួន និងប្រឈមនឹងបាត់បង់ជីវិត។
បន្ទាប់ពីបានបញ្ជូនមកដល់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ, កុមារមកពីខេត្តស្វាយរៀងរូបនេះ ត្រូវបានបញ្ជូលឈាម និងវះកាត់តសសៃឈាមភ្លាមៗ ដោយក្រុមគ្រូពេទ្យឯកទេសវះកាត់បេះដូង និងបានធ្វើឱ្យកុមាររូបនេះ រួចផុតពីកកណ្តាប់ដៃមច្ចុរាជកាលពីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូពេទ្យ និងបុគ្គលិកទាំងអស់ចំពោះ ការខំប្រឹងប្រែងជួយសង្រ្គោះជីវិត ទារក និងកុមារ នៅកម្ពុជា ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងមិនគិតថ្លៃ និងសូមអរគុណដល់សប្បុរសជនទាំងអស់ដែលតែងតែបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីភាពញញឹមរបស់កុមារនៅកម្ពុជា។
ការបរិច្ចាគរបស់អ្នក ពិតជាមានតម្លៃណាស់ក្នុងការសង្រ្គោះជីវិតកុមារនៅកម្ពុជា ៕
