ឧបនាយករដ្ឋមន្ដ្រី ស សុខា កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់ ប្រកបដោយឆន្ទៈ និងមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តម របស់កងកម្លាំងនគរបាលជាតិ

ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្របំផុត ចំពោះកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់ ប្រកបដោយឆន្ទៈ និងមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តម របស់កងកម្លាំងនគរបាលជាតិ ក្នុងការចាត់តាំងអនុវត្តប្រកបដោយប្រសិទ្ធភាព ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។
យោងតាមរយៈសារលិខិតជូនពររបស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ថ្ងៃទី១៦ ឧសភា ឯកឧត្តមអភិសន្ដិបណ្ឌិត បានឱ្យដឹងថា ឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤នេះ សភាពការណ៍សន្តិសុខពិភពលោក មានការប្រែប្រួលស្មុគស្មាញ ជះឥទ្ធិពលអវិជ្ជមាន ប៉ះពាល់ដល់ប្រទេសជាច្រើន ទាំងក្នុងនិងក្រៅតំបន់ ដោយឡែកព្រះរាជាណាចក្រកម្ពុជា នៅតែបន្តរក្សាបានយ៉ាងរឹងមាំនូវសុខសន្តិភាព ខឿនឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និងស្ថិរភាពសន្តិសុខផ្ទៃក្នុង។
ឯកឧត្តមអភិសន្ដិបណ្ឌិត បន្ដថា បណ្តាគោលដៅនយោបាយ ការទូត វប្បធម៌ សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ ក៏ដូចជាព្រះរាជបេសកកម្មរបស់ព្រះមហាក្សត្រ បេសកកម្មរបស់ឥស្សរជនជាន់ខ្ពស់ គណៈប្រតិភូជាតិ អន្តរជាតិ ព្រឹត្តិការណ៍សំខាន់ៗជាប្រវត្តិសាស្ត្រ ព្រមទាំងសកម្មភាពជីវភាពសង្គម ត្រូវបានប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានមូលដ្ឋានកាន់តែរឹងមាំថែមទៀត ក្នុងដំណើរការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាព ដែលជាការលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ ឱ្យខ្ពស់ត្រដែត លើផ្ទៃរាបអន្តរជាតិ និងបានឆ្លុះបញ្ចាំងអំពីភាពម្ចាស់ការ ប្រកបដោយថាមពលក្នុងការពង្រឹងវិស័យសន្តិសុខ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា «ខ្ញុំសូមសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្របំផុត ចំពោះកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់ ប្រកបដោយឆន្ទៈ និងមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តម របស់កងកម្លាំងនគរបាលជាតិ ក្នុងការចាត់តាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវច្បាប់ បទដ្ឋានគតិយុត្ត និងគោលការណ៍ បទបញ្ជា វិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ»៕

