ឯកឧត្តម ស៊ូ សុជាតិ ដឹកនាំសហការីទទួលជួបប្រជុំជាមួយក្រុមការងារវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសាកល (GGGI) ដើម្បីពិភាក្សាពីវឌ្ឍនភាពនៃកម្មវិធី “ការជំរុញការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា”
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. បានដឹកនាំសហការីទទួលជួបប្រជុំជាមួយក្រុមការងារវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសាកល (GGGI) ដែលដឹកនាំដោយ Ms. Helena McLeod អគ្គនាយករង និងជាប្រធាននៃនវានុវត្តន៍ និងគោលនយោបាយកំណើនបៃតង របស់ GGGI នៅទីស្តីការ ន.ម.ក. ។
កិច្ចប្រជុំមានការចូលរួមតាមប្រព័ន្ធអនឡាញពីអ្នកតំណាងរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក (UNESCAP), សាជីវកម្មធានាឥណទានវិនិយោគ (CGIF) និងក្រុមហ៊ុន Guarantco។
កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិភាក្សាពីវឌ្ឍនភាពនៃការគាំទ្រដល់ក្រុមហ៊ុនដែលត្រូវបានជ្រើសរើស ដើម្បីផ្ដល់ជំនួយបច្ចេកទេសក្រោមក្របខណ្ឌកម្មវិធី “ការជំរុញការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា វគ្គទី១ និងវគ្គទី២”។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់៕