សម្តេចធិបតី ហ៊ុន ម៉ាណេត៖ ក្នុងរយៈពេលយ៉ាងខ្លី កម្ពុជាក្លាយជាប្រទេសគំរូមួយ លើពិភពលោកចំពោះការងារកំចាត់ជំងឺរបេង យ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ក្នុងការប្រយុទ្ធនឹងជំងឺរបេងអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កាលពី២០ឆ្នាំមុន ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមាន អត្រាអ្នកកើតជំងឺរបេងខ្ពស់ជាងគេក្នុងពិភពលោក តែក្នុងរយៈពេលយ៉ាងខ្លីកម្ពុជាបានក្លាយជាប្រទេសគំរូមួយ លើពិភពលោកចំពោះការងារកំចាត់ជំងឺរបេង យ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព។
តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេងក្រោមប្រធានបទ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន » សម្តេចធិបតី បានបន្តថា លទ្ធផលបានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជនកម្ពុជា ដែលក្នុងនោះរាជរដ្ឋាភិបាល បានពង្រីកសេវាពិនិត្យ និងព្យាបាលជំងឺរបេងតាមយុទ្ធសាស្រ្តដូតស៍នៅគ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងអស់ រួមទាំងថ្នាក់សហគមន៍នៅទូទាំងប្រទេសផងដែរ។
សូមបញ្ជាក់ជូនថា ការប្រារព្ធទិវាពិភពលោកកំចាត់រោគរបេងនេះ គឺធ្វើឡើងក្នុងគោលបំណងបន្តជំរុញ និងបង្ហាញនូវ ការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកកម្ពស់ការគាំពារសុខភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែទូលំ ទូលាយ ព្រមទាំងបំផុសការយល់ដឹង លើការប្រយុទ្ធនឹងជំងឺរបេង ផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យ បានយល់អំពីបញ្ហា និងផលវិបាកនៃជំងឺរបេង សំដៅចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់សង្គមជាតិទាំងមូល ៕

