ប្រជានេសាទប្រទះឃើញពងកន្ធាយក្បាលកង្កែបជាង៥០ពង នៅព្រំប្រទល់ខេត្តក្រចេះ-ស្ទឹងត្រែង

ភ្នំពេញ៖ ប្រជានេសាទនៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក បានប្រទះឃើញពងកន្ធាយក្បាលកង្កែបចំនួន ៥៥ពង នៅព្រំប្រទល់ខេត្តក្រចេះ-ស្ទឹងត្រែង កាលពីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ហើយពងកន្ធាយក្បាលកង្កែបទាំងអស់នេះត្រូវបានយកទៅរក្សានិងភ្ញាស់នៅកន្លែងសុវត្ថិភាព។
បើតាមលោក ស្រី សមវិចិត្រ បានឲ្យដឹងថា មានអ្នកនេសាទម្នាក់នៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក បានរាយការណ៍ទៅមន្ត្រីជំនាញជលផលថា គាត់បានដើរតាមដងទន្លេមេគង្គរកបន្លែត្រីសាច់ដើម្បីយកមកធ្វើម្ហូបអាហារបរិភោគ ក៏ស្រាប់តែប្រទះឃើញស្នាមដានជើងចម្លែកម្យ៉ាងកប់ក្នុងដីខ្សាច់ ក្រោយមកគាត់កាយដីខ្សាច់នោះ ក៏ស្រាប់តែប្រទះឃើញមានពងពណ៌សជាច្រើនកប់ក្នុងដីខ្សាច់នោះតែម្តង ។ឃើញដូច្នេះ គាត់ក៏រាយការណ៍មកឆ្នាំទន្លេ ហើយក្រុមអភិរក្សឆ្មាំទន្លេមិនទុកយូរនោះទេ ក៏រាយការណ៍ភ្លាមបន្តមកមន្ត្រីជំនាញជលផល ដើម្បីឲ្យដឹកនាំកម្លាំងចុះទៅពិនិត្យមើលទីនោះ ។
លោកស្រីបន្តថា ក្រោយពីមន្ត្រីជំនាញជីកកាយដីខ្សាច់ជម្រៅប្រហែល១ហាត់ ក៏ប្រទះឃើញថា មានពងកប់នៅក្នុងដីខ្សាច់ពិតប្រាកដមែន ហើយវាជាពងសត្វកន្ធាយក្បាលកង្កែបមានចំនួន៥៥ពងឯណោះ ពងកន្ធាយក្បាលកង្កែបទាំងនោះត្រូវបានអង្គការ WCS យកទៅដាក់នៅទីកន្លែងមានសុវត្ថិភាពដើម្បីភ្ញាស់ឲ្យកើតចេញជាកូន រួចសឹមយកទៅលែងក្នុងទឹកទន្លេមេគង្គតែម្តង ដើម្បីឲ្យពូវាបានបន្តរស់នៅឲ្យបានច្រើនតទៅទៀត៕

